បាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បានថ្លែងឱ្យដឹងថា ស្ថិតក្នុងស្ថានភាពប្រទេសជាតិ កំពុងមានបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង, មេបញ្ជាការ និងកងកម្លាំងថ្នាក់ក្រោម គ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានា របស់រាជរដ្ឋាភិបាល ។

នាឱកាសអញ្ជើញ ចុះសួរសុខទុក្ខអង្គភាព កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងការពារ នៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ សម្ដេច ស ខេង បានមានប្រសាសន៍កោតសរសើរ និងលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងរក្សាសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ។

ជាមួយគ្នានោះដែរ សម្តេច ក៏បានក្រើនរំលឹកដល់កងកម្លាំង គ្រប់ប្រភេទទាំងអស់ បន្តបំពេញភារកិច្ចរបស់ខ្លួន ឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺត្រូវគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការណែនាំ របស់ថ្នាក់ដឹកនាំតាមអង្គភាព។ សម្ដេច បានបញ្ជាក់ថា «ដោយស្ថិតក្នុងស្ថានភាពដែលប្រទេសជាតិកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាង សូមឲ្យ មេបញ្ជាការ ក៏ដូចជាកងកម្លាំង ថ្នាក់ក្រោមគ្រប់ប្រភេទទាំងអស់ ត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ តាមបទបញ្ជា និងការសម្រេចនានា របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី»។

សម្ដេច ស ខេង និងគណៈប្រតិភូ ក៏បាននាំយក នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់កងកម្លាំង គ្រប់អង្គភាពទាំងនោះផងដែរ។
ឆ្លៀតឱកាសនោះដែរ សម្ដេច ស ខេង និងគណៈប្រតិភូ ក៏បានឆ្លៀតចូលសំណេះ សំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំ នៃគណៈអភិបាល ខេត្តប៉ៃលិន និងបានចុះពិនិត្យមើលកន្លែងផ្ដល់ សេវានៅច្រកចេញ -ចូលតែមួយរបស់សាលាខេត្ត។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍កោត សរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់របស់ខេត្តប៉ៃលិន ដែលជាខេត្តជាប់ព្រំដែន ដោយបានរក្សាសន្តិសុខ សុវត្ថិភាព និងដំណើរការសេវាសាធារណៈដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ ស្ថិតក្នុងស្ថានភាពដែលមានបញ្ហាព្រំដែន ជាមួយប្រទេសជិតខាង៕
