ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ (គ្រួសារហ៊ុន និងគ្រួសារថាក់ស៊ីន) ត្រូវបានបំផ្លាញដោយការបែកធ្លាយ នូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹង ចំពោះការប្រមាថមកលើរូប សម្ដេចនិងនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈ។

នៅលើគណនីហ្វេសប៊ុក នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនូវរូបថតឯកសារជាច្រើនសន្លឹក ដោយភ្ជាប់នូវខ្លឹមសារ ថា នៅពេលទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីថៃ នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២៥ កន្លងទៅ ក្រៅពីកម្មវិធីផ្លូវការយើង មានកម្មវិធីគ្រួសារដោយ នាយករដ្ឋមន្ត្រីថៃ អ៊ុងអ៊ីន និងស្វាមីបានមកទទួលទានអាហារ នៅផ្ទះសម្ដេច។ មុនពេលចាកចេញនាយករដ្ឋមន្ត្រីថៃ បានសុំមើលបន្ទប់ដែលឪពុករបស់គាត់ និងម្តាយមីងរបស់គាត់សម្រាក ព្រោះផ្ទះរបស់សម្ដេចបានរក្សាបន្ទប់ពីរជូន បងប្អូនទាំងពីរនាក់។

សម្ដេចលើកឡើងថា បន្ទប់មួយសម្ដេចដាក់ឈ្មោះថា បន្ទប់ថាក់ស៊ីន និងបន្ទប់មួយទៀត មានឈ្មោះថា បន្ទប់យ៉ីងឡាក់។ ស្វាមីនាយករដ្ឋមន្ត្រីថៃ បានថតនិងថតជាវីដេអូ នៅបន្ទប់ទាំងពីរនេះ។

សម្ដេចបញ្ជាក់ថា «មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយ នូវការសន្ទនាតាមទូរស័ព្ទ ដោយមន្ត្រីកម្ពុជាណាមួយ ដែលមានកំហឹងចំពោះការប្រមាថមកលើរូប សម្ដេចនិងនាយករដ្ឋមន្ត្រីកម្ពុជា ថាគ្មានវិជ្ជាជីវៈ»៕

