បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអាទិត្យ បានអំពាវនាវ ឱ្យប្រទេសចិន ទប់ស្កាត់អ៊ីរ៉ង់ពីការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ បំផុតមួយសម្រាប់ ប្រេងឆៅ នៅលើពិភពលោក។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Rubio បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅលើ Fox News ថា “ខ្ញុំលើកទឹកចិត្តរដ្ឋាភិបាលចិននៅទីក្រុងប៉េកាំង ឱ្យធ្វើរឿងនោះ ពីព្រោះពួកគេពឹងផ្អែកយ៉ាងខ្លាំង លើច្រកសមុទ្រ Hormuz សម្រាប់ប្រេងរបស់ពួកគេ” ។ ប្រទេសចិនគឺជាអតិថិជនប្រេង ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ និងរក្សាទំនាក់ទំនងមិត្តភាព ជាមួយសាធារណរដ្ឋអ៊ីស្លាម។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានព្រមាន កាលពីថ្ងៃអាទិត្យថា សាធារណរដ្ឋអ៊ីស្លាម “រក្សាជម្រើសទាំងអស់ ដើម្បីការពារអធិបតេយ្យភាព របស់ខ្លួន” បន្ទាប់ពីសហរដ្ឋអាមេរិកបាន ទម្លាក់គ្រាប់បែកនុយក្លេអ៊ែរសំខាន់ៗ ចំនួនបីកាលពីចុងសប្តាហ៍។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា សភាអ៊ីរ៉ង់ បានគាំទ្រការបិទច្រកសមុទ្រ Hormuz ដោយលើកឡើង ពីសមាជិកសភាជាន់ខ្ពស់ ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយ ក្នុងការបិទច្រកសមុទ្រ គឺស្ថិតនៅលើក្រុមប្រឹក្សាសន្តិសុខជាតិ របស់អ៊ីរ៉ង់។
សូមជម្រាបថា ការប៉ុនប៉ងបិទផ្លូវទឹកតូចចង្អៀត រវាងប្រទេសអ៊ីរ៉ង់ និងអូម៉ង់ អាចផ្តល់ផលវិបាកយ៉ាងជ្រាលជ្រៅ ដល់សេដ្ឋកិច្ចពិភពលោក។ យោងតាមរដ្ឋបាលព័ត៌មានថាមពល បានឱ្យដឹងថា ប្រេងឆៅប្រហែល ២០ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ២០ភាគរយ នៃការប្រើប្រាស់ទូទាំងពិភពលោក បានហូរកាត់ច្រកសមុទ្រក្នុងឆ្នាំ ២០២៤៕
ប្រែសម្រួលៈ ណៃ តុលា
