បរទេស៖ ទីភ្នាក់ងារព័ត៌មាន Fars បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់សម្តីសមាជិកសភា Mohammad Manan Raisi មកពីខេត្ត Qom ដែលជាកន្លែង ផលិតនុយក្លេអ៊ែរថា ទីតាំងនុយក្លេអ៊ែរ Fordow របស់អ៊ីរ៉ង់មិនទទួលរង ការខូចខាតធ្ងន់ធ្ងរ ណាមួយនៅក្នុងការវាយប្រហារដែលធ្វើឡើង ដោយសហរដ្ឋអាមេរិកនោះទេ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា ទីតាំងនុយក្លេអ៊ែរ Fordow, Natanz និង Esfahan ត្រូវបាន “បំផ្លាញទាំងស្រុង” នៅក្នុងការវាយប្រហារ របស់អាមេរិកនៅពេលយប់។
លោក Mohammad Manan Raisi បានប្រាប់ទីភ្នាក់ងារថា “ផ្ទុយទៅនឹងការអះអាងរបស់ប្រធានាធិបតី អាមេរិកដែលកុហក គឺ រោងចក្រនុយក្លេអ៊ែរ Fordow មិនត្រូវបានខូចខាតធ្ងន់ធ្ងរទេ ហើយអ្វី ដែលខូចខាតភាគ ច្រើនគឺស្ថិតនៅកម្រិត ផ្ទៃដីប៉ុណ្ណោះ ហើយអាចស្ដារឡើងវិញបាន”។
សមាជិកសភារូបនេះបានពណ៌នាពីឥទ្ធិពល នៃការទម្លាក់គ្រាប់បែក របស់អាមេរិកថាជា “ការធ្វើឱ្យខូចខាតសើរពីលើ” ដោយបញ្ជាក់បន្ថែមថា មិនមានអ្នកស្លាប់ទេ ហើយក៏គ្មានការលេចធ្លាយ វិទ្យុសកម្មនៅកន្លែងនោះដែរ។
អាជ្ញាធរអ៊ីរ៉ង់បានជម្លៀសទីតាំងនុយក្លេអ៊ែរ Fordow, Natanz និង Isfahan មុនពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក, នេះបើតាម លោក Hasan Abedini អនុប្រធានកិច្ចការនយោបាយ នៃសាជីវកម្មផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ (IRIB) បានអះអាងកាលពីថ្ងៃអាទិត្យ ៕
ប្រែសម្រួលៈ ណៃ តុលា
