យូអិន ៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានព្រមានពី “ការសងសឹកមួយ” បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ។ លោក Guterres បានប្រាប់កិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថា ការទម្លាក់គ្រាប់បែក របស់សហរដ្ឋអាមេរិក ទៅលើទីតាំង នុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជាការផ្លាស់ប្តូរ ដ៏គ្រោះថ្នាក់មួយ នៅក្នុងតំបន់ ដែលកំពុងតែវិលវល់រួចទៅហើយ ។
លោកបានព្រមានថា “តាំងពីដើមដំបូងនៃវិបត្តិ (អ៊ីស្រាអែល-អ៊ីរ៉ង់) ខ្ញុំបានថ្កោលទោសម្តងហើយម្តងទៀត នូវការកើនឡើងយោធាណាមួយ នៅមជ្ឈិមបូព៌ា ។ ប្រជាជនក្នុងតំបន់មិនអាចទ្រាំទ្រ នឹងវដ្ត នៃការបំផ្លិចបំផ្លាញ មួយផ្សេងទៀតបាននោះទេ។ ហើយឥឡូវនេះ យើងប្រថុយនឹងធ្លាក់ ចូលទៅក្នុងការសងសឹក នឹងគ្នាទៅវិញទៅមក” ។
លោក Guterres បានលើកឡើងថា ដើម្បីចៀសវាងការកើនឡើង បន្ថែមទៀត ការទូតត្រូវតែឈ្នះ ជនស៊ីវិលត្រូវតែត្រូវបានការពារ ហើយការធ្វើនាវាចរណ៍ សមុទ្រមានសុវត្ថិភាពត្រូវតែធានា ។ លោកបានជំរុញថា៖ «យើងត្រូវតែធ្វើភ្លាមៗនិងយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ហើយត្រឡប់ទៅរកការចរចា ប្រកបដោយនិរន្តរភាពលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់» ។
លោកបានអំពាវនាវឱ្យមានដំណោះស្រាយដ៏ គួរឱ្យទុកចិត្ត ទូលំទូលាយ និងអាចផ្ទៀងផ្ទាត់បាន ដើម្បីស្ដារការជឿទុកចិត្ត រួមទាំងការត្រួតពិនិត្យ ដោយទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ។ លោកបានសង្កត់ធ្ងន់ថា សន្ធិសញ្ញាមិនរីកសាយភាយ គឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងសន្តិសុខអន្តរជាតិ ដោយបន្ថែមថា អ៊ីរ៉ង់ត្រូវតែគោរពយ៉ាងពេញលេញ។
លោកបានបន្ដថា រដ្ឋជាសមាជិកទាំងអស់ ត្រូវតែធ្វើសកម្មភាពស្រប តាមកាតព្វកិច្ចរបស់ពួកគេក្រោម ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃទៀត រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិផងដែរ ។ លោកបន្ថែមថា “អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រ រាល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ប៉ុន្តែសន្តិភាពមិនអាច ដាក់បានទេ វាត្រូវតែត្រូវបានជ្រើសរើស”៕
