ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នឹងរៀបចំប្រារព្ធពិធី មីទ្ទិញអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៦:៣០នាទី នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដោយក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរណ៍ យានយន្តគ្រប់ប្រភេទ ជាបណ្តោះអាសន្ន រហូតកម្មវិធីបញ្ចប់ ។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ដើម្បីឱ្យការប្រារព្ធពិធីមីទ្ទិញខាងលើ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបផលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី) ចាប់ពីវេលាម៉ោង០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី ។
អាស្រ័យហេតុនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់កំណាត់ ផ្លូវខាងលើ តាមកាលបរិច្ឆេទ ដូចបានជម្រាបជូនដោយអនុគ្រោះ ។ ផុតរយៈពេល ហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរណ៍ជាធម្មតាវិញ ៕
