ព័ត៌មានអន្តរជាតិ

ណាតូ ជាក្បាលម៉ាស៊ីន ជំរុញឲ្យមានជម្លោះជាសាកល

xinhua

ឡាអេ ៖ សកម្មជនប្រឆាំងសង្គ្រាមម្នាក់ បានឲ្យដឹងនៅក្នុងអំឡុងពេលតវ៉ា នៅមុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់សម្ព័ន្ធណាតូឲ្យដឹងថា អង្គការណាតូបានក្លាយជាក្បាល ម៉ាស៊ីនជំរុញនៃជម្លោះពិភពលោក ជាជាងកម្លាំង ដើម្បីសន្តិភាព ដោយផ្តល់អាទិភាព ដល់ការពង្រីកយោធា ដោយចំណាយលើ សុខុមាលភាពសាធារណៈ ។

លោក David Swanson នាយកប្រតិបត្តិនៃអង្គការមិនរកប្រាក់ចំណេញ World Beyond War បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយស៊ីនហួថា “សង្រ្គាមកំពុងកើនឡើង ការចំណាយយោធាកាន់តែកើនឡើង ហើយណាតូកំពុងណែនាំប្រទេសមួយបន្ទាប់ពីប្រទេសមួយដើម្បីយកប្រាក់ចេញពីការអប់រំ ការចូលនិវត្តន៍ ការថែទាំសុខភាព និងថាមពលបៃតង ហើយដាក់វាចូលទៅក្នុងអាវុធ និងសង្រ្គាម” ។

លោក Swanson ដែលបានធ្វើដំណើរពីសហរដ្ឋអាមេរិក ដើម្បីចូលរួមការតវ៉ានៅជិតតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅទីក្រុងឡាអេ បានលើកឡើងថា វត្តមានរបស់អង្គការណាតូ នៅក្នុងទីក្រុងនេះគឺ “គួរឱ្យអស់សំណើច” ដោយសារអ្វីដែលលោកបានពិពណ៌នាថា ជាតួនាទីរបស់សម្ព័ន្ធមិត្ត ក្នុងការបញ្ឆេះជម្លោះជុំវិញពិភពលោក ។

លោកបានលើកឡើងថា “ណាតូ គួរតែមកទីក្រុងឡាអេ ដោយសារតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិនៅទីនេះ ហើយមេដឹកនាំរបស់ខ្លួនគួរតែបង្ហាញខ្លួន សម្រាប់ការកាត់ទោស អង្គការណាតូ អាចត្រូវបានលុបចោល ហើយពិភពលោក នឹងមានសុវត្ថិភាពជាងបើគ្មានវា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

ការតវ៉ាដែលមាន ការចូលរួមពីរាប់រយនាក់ បានធ្វើឡើងពីរថ្ងៃមុនកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដែលរដ្ឋជាសមាជិកត្រូវបានគេរំពឹងថា នឹងជំរុញឱ្យមានការកើនឡើង ការចំណាយលើវិស័យការពារជាតិ ខណៈដែលបាតុកម្មត្រូវបានចាត់ទុកថា ជាការប្រឆាំងនឹងអង្គការណាតូ និងសង្គ្រាមនៅតំបន់ហ្គាហ្សា វាក៏បានទាក់ទាញ អ្នកចូលរួមដែលកាន់បដា ដែលសរសេរថា “No Iran War” បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់សហរដ្ឋអាមេរិក ទៅលើទីតាំង នុយក្លេអ៊ែរចំនួនបី របស់អ៊ីរ៉ង់មួយថ្ងៃមុននេះ។

លោកបន្ដថា ការពង្រីក របស់អង្គការ NATO ចាប់តាំងពីសង្គ្រាមត្រជាក់ ដែលមានសមាជិកចំនួន ៣២ នាពេលបច្ចុប្បន្ន បានធ្វើឱ្យអសន្តិសុខ ពិភពលោកកាន់តែអាក្រក់ទៅៗ ។ លោកបានបន្ថែមថា “អង្គការណាតូ កំពុងពង្រីកជាសកល និងបន្ថែមដៃគូជុំវិញ ពិភពលោក ហើយបានក្លាយជា អ្នកចែកចាយអាវុធ អ្នកផ្សព្វផ្សាយសង្គ្រាម និងជាអ្នកបង្កើតមូលដ្ឋានយោធា ដ៏ធំបំផុតតែមួយគត់នៅជុំវិញពិភពលោក” ដោយបន្ថែមថា វាពិតជាគួរត្រូវបានរំសាយ នៅពេល ដែលសង្រ្គាមត្រជាក់បានបញ្ចប់ ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top