ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ ពិនិត្យស្ថានភាព​ រស់នៅបណ្តោះអាសន្ន របស់ប្រជាពលរដ្ឋ ដែលបានជម្លៀស ដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព ចំនួន ១,២៨២គ្រួសារ

ព្រះវិហារ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅ បណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្ត មកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាក ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំខ្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្ដថា នេះជាស្មារតីទទួលខុសត្រូវ និង បង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ច ការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត ៕

To Top