ព្រៃវែង ៖ ពីវេទិកាធិបតី នៃពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានរំលេចអំពីវីរភាព សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងភាពអង់អាចប្រតិភានរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងកាលៈទេសៈ នៃការប្រឈមមុខតទល់អំពើឈ្លានពាន បង្កឡើងដោយភាគីថៃ តាមខ្សែបន្ទាត់ព្រំដែន។

ឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា សម្ដេចតេជោ មិនត្រឹមតែជាអគ្គុមគ្គុទេស នយោបាយដឹកនាំរបស់កម្ពុជា ប៉ុណ្ណោះទេ សម្ដេចតេជោ ក៏ជាឥស្សរជនកំពូលរបស់ខ្មែរ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក ពិសេសការអនុវត្តនយោបាយឈ្នះឈ្នះ ការរក្សាសន្តិភាពនិងអភិវឌ្ឍន៍ជាតិ ព្រមទាំងការនាំវិបុលភាពសម្រាប់តំបន់ និងភាពសុខដុមរបស់ពិភពលោក។

ក្នុងក្របខ័ណ្ឌអាស៊ាន ឧបនាយករដ្ឋមន្ត្រី ស សុខា បានរំលេច នូវខ្លឹមសារជំនួបជាមួយ លោកឯកអគ្គរដ្ឋទូតប្រទេស ទីម័រឡេស្តេ កាលពីពេលថ្មីៗនេះ ដោយ លោកឯកអគ្គរដ្ឋទូត បានជម្រាប ឧបនាយករដ្ឋមន្ត្រី ស សុខា ថា ថ្វីដ្បិតកម្ពុជា មិនមែនជាប្រទេសស្ថាបនិកបង្កើត អាស៊ានដំបូងគេ ប៉ុន្តែប្រទេសកម្ពុជា មានសម្ដេចតេជោ ជាឥស្សរជនឆ្នើមកំពូល មួយនៅអាស៊ាន ដែលទីម័រ ចាត់ទុកជាបិតាអាស៊ានម្នាក់ និងជាគុណូបការជនមួយរូប ដែលបានជួយជ្រោមជ្រែងទីម័រ ឈានទៅក្លាយជាសមាជិកទី១១ របស់អាស៊ាន។

បើតាម ឧបនាយករដ្ឋមន្ត្រី ស សុខា ទីម័រ ក៏បានបង្ហើបអំពីផែនការ មួយរបស់ជាតិ គឺបន្ទាប់ពីក្លាយជាសមាជិកអាស៊ាន ទីម័រ នឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងនៅក្នុងប្រទេសរបស់ខ្លួន ដោយយកលំនាំតាមបទពិសោធន៍ពីប្រទេសកម្ពុជា ហើយកាន់តែពិសេសទៀតនោះ រដ្ឋាភិបាលទីម័ របានសម្រេចរួចរាល់ហើយ ដាក់ឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងគេនោះ ភ្ជាប់និងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។

ដោយឡែកក្នុងកាលៈទេសៈ ដែលមានការប្រឈមមុខតទល់ ជាមួយអំពើឈ្លានពានបង្កហេតុឥតឈប់ឈររបស់ថៃ លោក ស សុខា បានគូសបញ្ជាក់ ទៅកាន់អង្គពិធីថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងដឹកនាំជាតិ ប្រកបដោយប្រតិភាពឈ្លាសវៃ និងដាក់ចេញយុទ្ធសាស្ត្រ ប្រកបដោយភាពម៉ឺងម៉ាត់បំផុត ដើម្បីការពារឧត្តមប្រយោជន៍ជាតិ ការពារកិត្តិយសជាតិ និង ប្រជាជន ជាពិសេសការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ដោយប្រើទាំងនយោបាយ ការទូត ទ្វេរភាគី យន្តការអន្តរជាតិ និងការប្រុងជើងការណ៍ ប្រកបដោយភាពអង់អាច នៃកងកម្លាំងការពារខ្សែបន្ទាត់ព្រំដែន ទាំងកម្លាំងកងយោធពលខេមរភូមិន្ទ និងកម្លាំងនគរបាលការពារព្រំដែន ។

ភ្ជាប់នឹងការគូសរំលេច អំពីវីរភាពសម្ដេចតេជោ និងការដឹកនាំរាជរដ្ឋាភិបាល របស់សម្ដេចមហាបវរធិបតី លោក ស សុខា បានបន្តសង្កត់ធ្ងន់អំពីភាពចាំបាច់ នៃការយកចិត្តទុកដាក់ របស់ក្រុមការងាររាជរដ្ឋាភិបាល របស់រដ្ឋបាល និងមន្ត្រីគ្រប់ថ្នាក់ ចំណុះស្រុកបាភ្នំ ជាពិសេសកិច្ចការពារសន្តិភាព ធានាសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ធានាប្រក្រតីភាព និងគុណភាព នៃសេវាសាធារណៈ ដើរទន្ទឹមគ្នានឹងការអភិវឌ្ឍមូលដ្ឋាន ទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការ អភិវឌ្ឍធនធានមនុស្ស តាមគ្រប់មធ្យោបាយ និងគ្រប់កម្រិត ភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ៕



