ប៉េកាំង៖ ប្រទេសចិន គ្រោងនឹងអញ្ជើញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឱ្យចូលរួមក្បួនដង្ហែយោធា ដែលគ្រោងធ្វើនៅថ្ងៃទី ៣ ខែកញ្ញា នៅទីលានធានអានមេន ទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។
ទន្ទឹមនឹងនោះ សហរដ្ឋអាមេរិកបានស្នើ ឱ្យប្រធានាធិបតីចិនលោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចក្នុងប្រទេសក្នុងអំឡុងខែដដែលនេះ ស្របពេលនឹងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ ប្រសិនបើផែនការណាមួយត្រូវបានសម្រេច វានឹងក្លាយជាជំនួបផ្ទាល់លើកដំបូង រវាងមេដឹកនាំនៃប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរចាប់តាំងពីការវិលត្រឡប់របស់លោក ត្រាំ ទៅកាន់សេតវិមានក្នុងខែមករា សម្រាប់អាណត្តិទី២ ដែលមិនជាប់គ្នារយៈពេល ៤ឆ្នាំ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេរំពឹងថា នឹងចូលរួមក្បួន ដង្ហែរនៅទីក្រុងប៉េកាំង ដែលប្រារព្ធឡើងដើម្បីរំលឹកដល់អ្វី ដែលចិនហៅថាជ័យជម្នះរបស់ខ្លួន នៅក្នុងសង្គ្រាមប្រឆាំងការឈ្លានពានរបស់ជប៉ុនឆ្នាំ ១៩៣៧-១៩៤៥ ។ ការប្រារព្ធពិធីរួមគ្នា នៃជ័យជម្នះសង្រ្គាមដោយមេដឹកនាំចិន រុស្ស៊ី និងសហរដ្ឋអាមេរិក ទំនងជានឹងបង្កបញ្ហាប្រឈមខាងការទូត សម្រាប់ប្រទេសជប៉ុន។
ក្នុងអំឡុងពេលកិច្ចពិភាក្សា តាមទូរស័ព្ទរបស់ពួកគេកាលពីថ្ងៃទី ៥ ខែមិថុនា លោក ស៊ី បានអញ្ជើញលោក ត្រាំ ឱ្យទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិនម្តងទៀត ដែលប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រ នេះបើយោងតាមក្រសួងការបរទេសចិន។ លោក ត្រាំ ដែលបានធ្វើទស្សនកិច្ចលើកចុងក្រោយក្នុងឆ្នាំ ២០១៧ បានឲ្យដឹងថា លោកបានទទួលការអញ្ជើញនេះវិញហើយ។
ប្រភពបានឲ្យដឹងថា ទោះបីជាលោក ត្រាំ ខ្លួនឯងមានបំណងចង់ធ្វើដំណើរទៅកាន់ប្រទេសចិនក៏ដោយ ទីក្រុងប៉េកាំង ជឿថា រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Marco Rubio និងមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកជាច្រើននាក់ទៀត អាចនឹងប្រឆាំងនឹងការចូលរួម របស់ប្រធានាធិបតី នៅក្នុងពិធីព្យុហយាត្រាយោធានេះ៕
ប្រែសម្រួល ឈូក បូរ៉ា
