ព័ត៌មានជាតិ

សម្តេចធិបតី ៖ បើថៃហ៊ានបិទប្រាសាទតាមាន់ធំ មិនឲ្យពលរដ្ឋខ្មែរ ឡើងទៅលេង ដឹងតែមានរឿងហើយ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ផ្តាំទៅភាគីថៃថា កុំហ៊ានព្រហើនបិទ តំបន់ប្រាសាទតាមាន់ធំ មិនឲ្យប្រជាពលរដ្ឋខ្មែរឡើងទៅលេងឲ្យសោះ តែបើហ៊ានពិតជារឿង ជាមួយគ្នាជាក់ជាមិនខានឡើយ ។

ការមានប្រសាសន៍ របស់សម្តេចធិបតីនេះ បន្ទាប់ពីភាគីថៃតែងតែ បានប្រកាសជាញឹកញាប់ថា យោធាថៃ នឹងបិទនៅបរិវេណប្រាសាទ តាមាន់ធំ មិនឲ្យពលរដ្ឋខ្មែរបានឡើងទៅលេងកម្សាន្តទេ ខណៈព្រំដែនកម្ពុជា-ថៃកំពុងកើនឡើងកម្តៅ ។

ក្នុង«ទិវាមច្ឆជាតិ ១កក្កដា ២០២៥» និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃ១ កក្កដា សម្តេចធិបតី បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងតំបន់ជម្លោះទាំង៤ដែលមានប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងមុំបី ជាពិសេសប្រាសាទ តាមាន់ធំ កុំឃើញកម្ពុជាស្ងៀមស្ងាត់មិនមាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ ប៉ុន្តែកម្ពុជា មានពេលវេលាឆ្លើយតបគ្រប់ពេលទាំងអស់ ខណៈកម្ពុជានៅតែបន្តដោះស្រាយ ដោយសន្តិវិធី និងច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការ អន្តរជាតិយុត្តិធម៌ (ICJ) ដដែលដោយគ្មានការកែប្រែឡើយ។

សម្តេចធិបតីគូសបញ្ជាក់ថា “ខ្ញុំសូមប្រកាសឲ្យហើយ កន្លែងតាមាន់ធំគឺជាកន្លែងដែលមិនទាន់ដាច់ស្រេច តាមាន់តូច តាក្របីនិងមុំបី យើងត្រូវរកប្រព័ន្ធតុលាការអន្តរជាតិដោះស្រាយ គ្មានពីណាមានសិទ្ធិឯកតោភាគីប្រកាសបិទកន្លែងហ្នឹងឈប់ឲ្យគេចូលទេ ។ រក្សាស្ថានភាពដដែល ជាឯកតោភាគី ហ៊ានតែបិទទ្វារមិនឲ្យប្រជាពលរដ្ឋខ្មែរឡើងនឹងមានរឿងហើយ បន្ទាត់ក្រហមច្បាស់ស្មើអ្នកឯងដាក់ច្រកឯកតោភាគីយកអាហ្នឹងហើយ ។ ហើយបើសិនជាគេអាចយកកន្លែងហ្នឹងបានដោយឯកតោភាគី បានន័យថា យើងទទួលស្គាល់ផែនទីឯកតោភាគី១លើ៥០ពាន់របស់ថៃ”។

សម្តេចធិបតីបន្តថា ដូច្នេះបើកម្ពុជា ទទួលស្គាល់ផែនទី១ លើ៥០ពាន់នេះ នឹងអាចធ្វើឲ្យភាគីថៃមាន ឱកាសតាមអំពើចិត្តគូសផែនទី រំលោភបំពានកម្ពុជា បន្តទៀត ។

សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា គូសបញ្ជាក់យ៉ា់ងច្បាស់ៗថា កម្ពុជាពុំបានចង់បានដី របស់ប្រទេសណាមួយនោះទេ គឺកម្ពុជាប្រកាន់យកតែភាពត្រឹមត្រូវតែប៉ុណ្ណោះ ដូច្នេះអ្វីដែលកម្ពុជា-ថៃបានស៊ីញ៉េរួមគ្នា កាលពីឆ្នាំ២០០០លើផែនទី ដែលមានបារាំងទទួលស្គាល់កាលពីអំឡុងឆ្នាំ១៩០៧នោះ សូមទទួលយកទៅ មិនមែនជាផែនទីដែលថៃគូសឡើងជាឯកតោភាគីនោះទេ ។
សម្តេចធិបតីបន្ថែមថា បើសិនភាគីថៃ នៅតែអះអាងប្រើប្រាស់​ផែនទី គូសដោយខ្លួនឯង ពិតណាស់បញ្ហាព្រំដែន កម្ពុជា-ថៃមិនបញ្ចប់ ជម្លោះទេ នឹងបន្តអូសបន្លាយយូរឆ្នាំទៀត​ រហូតដល់ការធ្វើសង្គ្រាម ក៏អាចថាបាន ។ ដូច្នេះមានតែយន្តការ ដោះស្រាយតាមផ្លូវតុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដែលនេះជាការដោះស្រាយ ដោយសន្តិវិធី ។
សម្តេចនាយករដ្ឋមន្រ្តីអះអាងថា កម្ពុជាជ្រើសយកផ្លូវច្បាប់ ជាអន្តរជាតិនេះ ដើម្បីមិនចង់ឲ្យបញ្ហាព្រំដែនរីករាល ដាលទៅតំបន់ផ្សេងទៀត នៅតាមបណ្តាខេត្តរបស់ខ្មែរ ទាំង៧ដែលមានព្រំប្រទល់ជាប់ជាមួយថៃ ៕

To Top