វ៉ាស៊ីនតោន ៖ យោងតាមគេហទំព័រសេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ចប់ទណ្ឌកម្មលើស៊ីរី។
សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ត្រាំ “បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិជាប្រវត្តិសាស្ត្រ ដែលបញ្ចប់កម្មវិធីទណ្ឌកម្មស៊ីរី ដើម្បីគាំទ្រដល់ផ្លូវ របស់ប្រទេសនេះឆ្ពោះទៅកាន់ស្ថិរភាព និងសន្តិភាព” ។
សេតវិមានបានឲ្យដឹងថា “បទបញ្ជាដកទណ្ឌកម្មលើប្រទេសស៊ីរី ខណៈដែលរក្សាការដាក់ទណ្ឌកម្ម លើលោក Bashar al-Assad… បទបញ្ជានេះអនុញ្ញាតឱ្យមានការបន្ធូរ បន្ថយការគ្រប់គ្រងការនាំចេញលើទំនិញមួយចំនួន និងលើកលែងការរឹតបន្តឹងលើជំនួយ បរទេសមួយចំនួនដល់ប្រទេសស៊ីរី” ។
នៅក្រោមបញ្ជានេះ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Marco Rubio ត្រូវបានដឹកនាំឱ្យ “ស្វែងរកមធ្យោបាយ សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម នៅអង្គការសហប្រជាជាតិ ដើម្បីគាំទ្រស្ថិរភាពនៅក្នុងប្រទេសស៊ីរី” ។
ស៊ីរីត្រូវបានចាត់តាំងជាអ្នកឧបត្ថម្ភរដ្ឋ នៃអំពើភេរវកម្មដោយសហរដ្ឋអាមេរិកចាប់តាំងពីខែធ្នូឆ្នាំ១៩៧៩ ។ ការដាក់ទណ្ឌកម្ម និងការរឹតបន្តឹងបន្ថែមត្រូវ បានបន្ថែមនៅក្នុងខែឧសភា ឆ្នាំ២០០៤ ជាមួយនឹងការចេញបទបញ្ជាប្រតិបត្តិលេខ ១៣៣៣៨ ខណៈដែលនៅក្នុងខែឧសភា ឆ្នាំ២០១១ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មបន្ថែម ដែលផ្តោតលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចស៊ីរី។
នៅក្នុងសុន្ទរកថាទៅកាន់វេទិកាវិនិយោគនៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១៣ ឧសភា លោក ត្រាំ បានប្រកាសថាលោកមានគម្រោង ដកទណ្ឌកម្មលើប្រទេសស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា
