ព័ត៌មានជាតិ

ក្រសួងកសិកម្ម៖ ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុង របស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ

ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឡើយ។

រដ្ឋបាលព្រៃឈើ បានលើកឡើងបែបនេះ បន្ទាប់ពីថ្មីៗនេះ មានបណ្តាញសារព័ត៌មានជាច្រើន បានសរសេរមាតិកាពាក់ព័ន្ធនឹងដំរីឈ្មោះ ឡាក់គី ដែលគួរឱ្យអាណិត ក្រោយពីអ្នកមើលថែ (ហ្ម) ត្រូវបានលាឈប់ពីការងារ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលព្រៃឈើ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥។

ករណីនេះ រដ្ឋបាលព្រៃឈើ បានធ្វើការជម្រាបជូនសាធារណជនជ្រាបថា លោក ទ្រី ស៊ីថេង ជាបុគ្គលិករបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) មិនមែនជា មន្ត្រីរដ្ឋបាលព្រៃឈើ ឬមន្ត្រីជាប់កិច្ចសន្យាបម្រើការងារក្នុងអង្គភាពរដ្ឋបាលព្រៃឈើនោះឡើយ។

លោក ទ្រី ស៊ីថេង ត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃបញ្ជូនមកបំពេញការងារជាសមភាគីជាមួយឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ដែលត្រូវបានលាឈប់ពីការងារចាប់ពីខែកក្កដា ឆ្នាំ២០២៥ តទៅ។

រដ្ឋបាលព្រៃឈើ បានគូសបញ្ជាក់ថា «ការលាឈប់ពីការងាររបស់លោក ទ្រី ស៊ីថេង ជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយនឹងរដ្ឋបាលព្រៃឈើ ឬ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ»៕

To Top