ព័ត៌មានជាតិ

អ្នកវិភាគ ៖ ការគំរាមរបស់បារាំង ឲ្យសៀមគោរពសន្ធិសញ្ញា បារាំង-សៀម ទទួលជោគជ័យ

ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។

លោក ឡៅ ម៉ុងហៃ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកនាថ្ងៃ២ កក្កដា ថា សៀមនិងអណ្ណាម (យួន) ចែកដីខ្មែរត្រួតម្ខាងម្នាក់ មុនបារាំងចូលមកការពារ តាមការស្នើសុំរបស់ព្រះបាទអង្គ ឌួង ។ បារាំង និងសៀមបានធ្វើសន្ធិសញ្ញា កំណត់ព្រំដែនខ្មែរ-សៀម ដែលនៅជាធរមានមកទល់សព្វថ្ងៃ ។

លោកបន្តរៀបរាប់ថា នៅសង្គ្រាមលោកលើកទី២ សៀមសហការជាមួយជប៉ុន ដែលចូលឈ្លានពានប្រទេសអាស៊ីខាងកើតសឹងតែទាំងអស់ ។ ក្នុងនោះបារាំងនៅខ្មែរ យួន ឡាវ ចុះចូលជាជាមួយជប៉ុនដែលឲ្យប្រទេសទាំងនោះ ប្រកាសឯករាជ្យពីបារាំង តែដាក់ខ្លួនជារណបជប៉ុន ។

លោកថា ឆ្លៀតឱកាសជាសម្ព័ន្ធមិត្តជប៉ុន សៀមក៏ចូលមកយកខេត្តបាត់ដំបង ដែលពេលនោះមានទាំង ខេត្តបន្ទាយមានជ័យផង ។ ជប៉ុន ចាញ់សង្គ្រាមហើយត្រូវដកទ័ព (និងនិគមជន)ចេញពីប្រទេសដែលខ្លួនត្រួតត្រា ។ ប៉ុន្តែបារាំងក៏ត្រឡប់មកត្រួតត្រា ប្រទេសអាណានិគមរបស់ខ្លួនវិញ ។

អ្នកវិភាគនយោបាយបន្ថែមថា បារាំងក៏បានទាមទារ សៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម និងប្រគល់ខេត្តខ្មែរ ដែលខ្លួនកាន់កាប់ពេលសង្គ្រាមលោកលើកទី២ មកវិញ ពុំនោះទេបារាំងនឹងប្តឹង សៀមអំពីការសហការជាមួយជប៉ុន ឈ្លានប្រទេសដទៃ និងទប់ស្កាត់មិនឲ្យសៀម ចូលជាសមាជិក នៃអង្គការសហប្រជាជាតិ ។ អ្វីជាការគួរកោតសរសើរគឺការទាមទាររបស់បារាំង បានជោគជ័យប្រាកដមែន ។

សូមបញ្ជាក់ថា ក្រោយមានការផ្ទុះអាវុធដាក់គ្នាមួយប្រាវ កាលពីថ្ងៃ២៨ ឧសភានៅតំបន់មុំបី ហើយរាលដាលមកដល់ប្រាសាទតាមាន់ធំនោះ ភាគីថៃអះអាងថា ប្រាសាទតាមាន់ធំ ជារបស់ខ្លួនតាមអ្វី ដែលជាផែនទីដែលថៃគូសខ្លួនឯង ដោយថៃមិនទទួលស្គាល់ នូវផែនទីបារាំងគូសឲ្យកាលពីអំឡុងឆ្នាំ១៩០៧នោះទេ ៕

To Top