ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីសិង្ហបុរី យល់ស្របតាមសម្តេចតេជោ ចំពោះការដោះស្រាយវិវាទព្រំដែន កម្ពុជា-ថៃ តាម ICJ

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lawrence Wong បានបង្ហាញការយល់ស្រប ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការដោះស្រាយជម្លោះព្រំដែន រវាងកម្ពុជា-ថៃ តាមផ្លូវតុលាការ យុត្តិធម៌អន្តរជាតិ(ICJ) ខណៈលិខិតផ្លូវការ របស់កម្ពុជាបង្ហាញ អំពីជម្លោះព្រំដែនជាមួយថៃ បានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ តាំងពីថ្ងៃ១៦ មិថុនា ។

លោកជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ និងនាយករដ្ឋមន្ត្រីសិង្ហបុរី នាថ្ងៃ២ កក្កដា ថា សម្តចតេជោ រៀបរាប់ពីជម្លោះព្រំដែននៅតាមបន្ទាត់ព្រំដែនដែលបង្កឡើងដោយភាគីថៃ ហើយបណ្តាលឲ្យទាហានខ្មែរស្លាប់យ៉ាងអាណោចអធម ។ បន្ទាប់ពីកើតហេតុរួចមក ភាគីថៃបានប្រមាថនិងគំរាមកំហែងមកលើកម្ពុជាជាហូរហែរ តាមរយៈការបិទទ្វារព្រំដែនជាឯកតោភាគី ប្រមាថពលរដ្ឋខ្មែរនៅថៃ ការកាត់ផ្តាច់អគ្គិសនី អ៊ីនធើណេត និងឈប់លក់ប្រេងឥន្ទនៈជាដើម ។

បើតាមលោក ជា ធីរិទ្ធ ការប្រមាថមកកម្ពុជា ជាពិសេសមកលើសម្តេចតេជោផ្ទាល់ គឺសម្តេចមិនអាចទទួលយកបានទេ ។ ទោះបីជាយ៉ាងណាសម្តេច មិនចង់ឃើញជម្លោះព្រំដែនរវាង កម្ពុជា-ថៃ ដែលជាប្រទេសនៅក្នុងតំបន់អាស៊ានទេ ទើបកម្ពុជាជ្រើសរើសការដោះស្រាយដោយសន្តិវិធី និងតាមការដាក់ពាក្យ បណ្តឹងទៅកាន់តុលាការអន្តរជាតិ ។

ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា បានស្នើឲ្យនាយករដ្ឋមន្រ្តីសិង្ហបុរី ជួយជំរុញភាគីថៃឲ្យឡើង ទៅតុលាការអន្តរជាតិ ជាមួយកម្ពុជា ដើម្បីបញ្ចប់ជម្លោះព្រំដែនកុំឲ្យបន្តដល់អ្នកជំនាន់ក្រោយ ។
បើតាមអ្នកនាំពាក្យប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តីសិង្ហបុរី បានយល់ដឹងកាន់តែច្បាប់អំពីវិវាទនៃប្រទេសទាំងពីរ ។
លោក ជា ធីរិទ្ធគូសបញ្ជាក់ថា “ឯកឧត្តមក៏យល់ស្រប ចំពោះការដោះស្រាយដោយសន្តិវិធីនិងយន្តការតាមច្បាប់អន្តរជាតិ ។ ឯកឧត្តមសង្ឃឹមថា សន្តិភាពនឹងកើតឡើងនៅក្នុងតំបន់អាស៊ី ។ ភាគីទាំងពីរនឹងព្យាយាមអត់ធ្មត់ដោះស្រាយបញ្ហាដោយឈរលើកក្តាច្បាប់អន្តរជាតិ និងយន្តការសន្តិវិធី និងទ្វេភាគី”។

សូមបញ្ជាក់ថា ក្រោយការផ្ទុះអាវុធដាក់គ្នា មួយប្រាវប្រហែលជា១០នាទី កាលពីព្រឹកថ្ងៃ២៨ ឧសភា កន្លងមកកម្ពុជា បានសម្រេចចិត្តឲ្យតុលាការអន្តរជាតិ ICJ ជាអ្នកកាត់ក្តី ហើយលិខិតជាផ្លូវការរបស់កម្ពុជា បង្ហាញអំពីជម្លោះព្រំដែនជាមួយថៃក៏បានទៅដល់ដៃក្រឡាបញ្ជីនៃ ICJ តាំងពីថ្ងៃ១៦ មិថុនា ៕

To Top