ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឌឺដងផ្លែផ្កា ទៅមេឧទ្ទាមក្រៅច្បាប់ និងបក្ខពួកខ្លួន ដែលនៅបរទេសថា កំពុងភ័យបុកពោះដេកព្រួយបារម្ភ ចំពោះកម្ពុជាដែលបាននិងកំពុងរៀបចំធ្វើវិសោធនកម្ម ដកសញ្ជាតិខ្មែរពីជនណា ដែលបានគុបគិតជាមួយ បរទេសមកបំផ្លាញប្រទេសជាតិខ្លួនឯង។
ក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍ថា បើសិនជាក្រុមប្រឆាំងនៅក្រៅប្រទេសគុបគិតសហការជាមួយបរទេស ដើម្បីបំផ្លាញជាតិខ្មែរ គឺពួកគេមិនសាកសមជាប្រជាពលរដ្ឋខ្មែរនោះទេ ព្រោះបើពលរដ្ឋខ្មែរពិតប្រាកដគេស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី ការពារជាតិឲ្យបានរឹងមាំហើយ ។
សម្តេចបានផ្ញើសារចេញពីកម្ពុជាទៅវិញថា បើអ្នកពិតជាគ្មានបំណងបំផ្លាញជាតិខ្លួនទេ កុំចាំបាច់ភ័យបារម្ភ ។
សម្តេចធិបតីនាយករដ្ឋមន្រ្តី គូសបញ្ជាក់ទៅកាន់ក្រុមមនុស្សមួយចំនួនដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ បែរទៅជារួមដៃជាមួយមិត្តបរទេសមកបំផ្លាញខ្មែរថា “ប៉ុន្មានថ្ងៃមកនេះ ឃើញគេមានចេញព្រោងព្រាតនៅខាងក្រៅភ័យ នៅពេលគ្រោងរៀបចំធ្វើវិសោធនកម្មរឿង ដកសញ្ជាតិ ។ សំដៅលើអ្នកណា ជនជាតិខ្មែរណា ដែលប្រឆាំងនឹង ផលប្រយោជន៍របស់ខ្មែរ ។ ឥឡូវអ្នកខំភ័យធ្វើអី បើអ្នកឯងស្នេហាជាតិ ប្តេជ្ញាចិត្តទោះបីជាដង្ហើមចុង ក្រោយមិនធ្វើប្រឆាំង នឹងផលប្រយោជន៍ជាតិខ្មែរ អីចឹងកុំភ័យព្រួយពេក ។ បើសិនជាអ្នកមានផែនការបំផ្លាញ គុបគិតជាមួយបរទេស បំផ្លាញផលប្រយោជន៍ជាតិខ្មែរ អាហ្នឹងអ្នកឯងភ័យចុះ ប៉ុន្តែបើអ្នកបែបហ្នឹងមិនគួរជាខ្មែរទេ”។
សម្តេចធិបតីបន្តថា ការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិនេះ មិនមែនមានតែនៅកម្ពុជាមួយប៉ុណ្ណោះទេ ប៉ុន្តែប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ១៩៥ប្រទេស គឺមាន១៥០ប្រទេសហើយដែលបានធ្វើច្បាប់ដកសញ្ជាតិលើពលរដ្ឋខ្លួនដែលគុបគិតជាមួយបរទេសមកបំផ្លាញផលប្រទេសជាតិខ្លួនឯង ។
សម្តេចធិបតីបញ្ជាក់ថា សូម្បីតែសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលេខមួយលើពិភពលោក ក៏មានច្បាប់ដកសញ្ជាតិដែរ ខណៈថ្មីៗនេះ អាមេរិកបានតាក់តែងច្បាប់ថ្មីមួយ គឺដកសញ្ជាតិចំពោះបុគ្គលណា ប្រព្រឹត្តអំពើភេរវកម្ម ឬក៏អត់មានសីលធម៌។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២ ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំ ពេញអង្គពិភាក្សា នឹងការធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញអំពីការ ដកសញ្ជាតិខ្មែរ ពីពលរដ្ឋណាដែលមានបំណង គុបគិតជាមួយបរទេសបំផ្លាញ ផលប្រយោជន៍ជាតិ ហើយក៏បានទូលថ្វាយអង្គព្រះមហាក្សត្រថា ការធ្វើវិសោធនកម្មមាត្រា ៣៣នៃរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា «អាចធ្វើទៅបាន»៕
