ព័ត៌មានជាតិ

អ្នកនាំពាក្យការពារជាតិ៖ ការប៉ះទង្គិចសម្តីរវាងទាហានថៃ-កម្ពុជា នៅប្រាសាទតាមាន់ធំ បង្កឡើងដោយថៃ

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងថា ឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ និងកងកម្លាំងកម្ពុជាកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នៅលើប្រាសាទតាមាន់ធំ បង្កឡើងដោយភាគីថៃមុន ព្រោះការបិទម៉ោងចេញ-ចូលទស្សនាប្រាសាទនៅម៉ោង៣រសៀល ប៉ុន្តែភាគីថៃ មិនព្រមអនុវត្តតាមកិច្ចព្រមព្រៀងនោះទេ ដោយគឃ្លើននាំអ្នកទេសចរណ៍ថៃមកទស្សនានៅពេលម៉ោបិទបញ្ចប់ទៅវិញ ។

យោងតាមការស្រាយបំភ្លឺការពិតជុំវិញឧបទ្ទវហេតុនៃការប៉ះទង្គិចសម្តីគ្នារវាងទាហានថៃ-កម្ពុជាកាលពីថ្ងៃ២៧ មិថុនា ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា នាថ្ងៃ៣ កក្កដានេះ បានឲ្យដឹងថា កងទ័ពកម្ពុជាអនុវត្តគោលការណ៍ម៉ឺងម៉ាត់នូវកិច្ចព្រមពៀងរបស់ភាគីទាំងសងខាង។ តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល។ តែជាអកុសលនៅថ្ងៃកើតហេតុនោះ វេលាម៉ោង១៥និង១៥នាទី ក្រោយប្រាសាទតាមាន់ធំត្រូវបិទការឡើង កងកម្លាំងសម្របសម្រួល និងការពារទាំងអស់នៅទីនោះបានចុះពីទីតាំងប្រាសាទរួចហើយ។ ក៏ស្រាប់តែភាគីថៃ បើកឲ្យឡើងប្រាសាទពីសំណាក់ក្រុមអ្នកទេសចរជនជាតិថៃចំនួនរហូតដល់១០០នាក់ ក្នុងនោះក៏មានវត្តមានរបស់អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងជាប្រធានគណបក្សភុំចៃថៃផងដែរ ដោយមិនមានការជូនដំណឹងជាមុនដល់ភាគីកម្ពុជា ។

អ្នកនាំពាក្យបន្តថា ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កងកម្លាំងកម្ពុជាបានព្យាយាមដោះស្រាយស្ថានការណ៍ដោយភាពស្ងប់ស្ងាត់ មិនបង្កហិង្សា ឬបញ្ហាឡើយ ប្រកបដោយវិជ្ជាជីវៈ និងគោរពតាមកិច្ចព្រមព្រៀងជានិច្ច ចំពោះវីដេអូដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃមួយចំនួន និងការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជាព័ត៌មានមិនពិត បាននាំមកនូវការភាន់ច្រឡំ និងជាចេតនាដ៏អាក្រក់ ក្នុងគោលបំណងញុះញង់ និងមានភាពស្អប់ រើសអើងជាតិសាសន៍ទាំងពីរ ព្រោះមិនបានឆ្លុះបញ្ចាំងនូវរឿងរ៉ាវទាំងស្រុងនោះទេគឺច្បិចយកតែជ្រុងម្ខាងតែប៉ុណ្ណោះ។ កម្ពុជាអំពាវនាវអ្នកសារព័ត៌មានទាំងអស់នៅថៃ បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតបំផ្លើសបំភ្លៃ បំភាន់ ក្នុងចេតនាបង្កាច់បង្ខូច ឬប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជា។

ជាមួយគ្នានេះ លោកស្រីអ្នកនាំពាក្យក្រើនរំលឹកជាថ្មីម្តងទៀត ឲ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ឲ្យបានពេញលេញ និងម៉ឺងម៉ាត់ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភាន់ការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក៕

To Top