បរទេស៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែលបានយល់ព្រមលើ លក្ខខណ្ឌសម្រាប់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ នៅក្នុងតំបន់ហ្គាហ្សា ហើយបានព្រមានក្រុមហាម៉ាស់ឱ្យទទួលយកកិច្ចព្រមព្រៀងនេះ មុនពេលលក្ខខណ្ឌកាន់តែអាក្រក់ទៅៗ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានប្រកាសពីការអភិវឌ្ឍន៍ទៅមុខ ខណៈដែលលោករៀបចំធ្វើជាម្ចាស់ផ្ទះ ទទួលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu សម្រាប់កិច្ចពិភាក្សានៅសេតវិមានកាលពីថ្ងៃចន្ទ។ មេដឹកនាំអាមេរិកបាននិងកំពុងបង្កើនសម្ពាធ លើរដ្ឋាភិបាលអ៊ីស្រាអែលនិងក្រុមហាម៉ាស ដើម្បីធ្វើការសម្របសម្រួលបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង ហើយនាំឲ្យមានការបញ្ចប់សង្រ្គាមនៅហ្គាហ្សា។
លោក Trump បានសរសេរថា “អ្នកតំណាងរបស់ខ្ញុំមានកិច្ចប្រជុំដ៏យូរ និងមានផលិតភាពជាមួយអ៊ីស្រាអែល នៅថ្ងៃនេះនៅលើតំបន់ហ្គាហ្សា។ អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌចាំបាច់បទឈប់បាញ់រយៈពេល ៦០ ថ្ងៃ ក្នុងអំឡុងពេលនោះយើងនឹងធ្វើការ ជាមួយភាគីទាំងអស់ដើម្បីបញ្ចប់សង្រ្គាម” ដោយនិយាយថា កាតា និងអេហ្ស៊ីបនឹងផ្តល់សំណើចុងក្រោយ។
លោកបាននិយាយថា “ខ្ញុំសង្ឃឹមថា វាល្អសម្រាប់មជ្ឈិមបូព៌ា ដែលហាម៉ាសទទួលយកកិច្ចព្រមព្រៀងនេះ ព្រោះវានឹងមិនប្រសើរឡើងទេ – វាគ្រាន់តែកាន់តែអាក្រក់ទៅៗ” ៕
ប្រែសម្រួលៈ ណៃ តុលា
