តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas ក្នុងអំឡុងពេលដែលលោកបានថ្កោលទោសចំពោះអ្វីដែលលោកបានពិពណ៌នាថាជា “ការឈ្លានពានផ្នែកយោធា” ដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
ក្នុងការសន្ទនាតាមទូរស័ព្ទ លោក Araghchi បានឲ្យដឹងថា ប្រជាជនអ៊ីរ៉ង់ បានការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានដោយអ៊ីស្រាអែល-អាមេរិក ដែលលោកបានបញ្ជាក់ថា បានធ្វើឱ្យខូចយ៉ាងខ្លាំងដល់ការទូត សន្ធិសញ្ញាមិនរីកសាយភាយ និងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លេខ ២២៣១ ដែលជាដំណោះស្រាយដែលគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។
លោកបានរិះគន់ប្រទេសមួយចំនួននៅអឺរ៉ុប និងអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi ចំពោះមុខតំណែងរបស់លោក ជាពិសេសក្នុងអំឡុងពេលនៃការអនុម័តដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់នាពេលថ្មីៗនេះ ដោយក្រុមប្រឹក្សាភិបាលរបស់ IAEA ។
លោកបានព្រមានថា ការបន្តនៃវិធីសាស្រ្ត “បំផ្លិចបំផ្លាញ” ដោយបណ្តាប្រទេសអឺរ៉ុបមួយចំនួន នឹងធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងការទូតឆ្ពោះទៅរកការថយចុះនៃជម្លោះ។
ចំណែកលោកស្រី Kallas បានសង្កត់ធ្ងន់ថា មិនមានភស្តុតាងណាមួយដែលបង្ហាញថា ការអភិវឌ្ឍន៍កម្មវិធីបរមាណូរបស់អ៊ីរ៉ង់ គឺសម្រាប់ផលិតអាវុធនុយក្លេអ៊ែរនោះទេ។ លោកស្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការស្វែងរកដំណោះស្រាយការទូត ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងបន្តដើម្បីកាត់បន្ថយភាពតានតឹង និងធានាស្ថិរភាពនៅក្នុងតំបន់អាស៊ីខាងលិច។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសដ៏ធំលើតំបន់ជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិលរាប់សិបនាក់ ហើយជាការឆ្លើយតបអ៊ីរ៉ង់ បានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនលើកទៅលើអ៊ីស្រាអែលវិញ ដោយមិនសម្លាប់ជនជាតិអ៊ីស្រាអែលមួយចំនួនផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
