ព័ត៌មានជាតិ

លោក ទ្រី ស៊ីថេង បញ្ជាក់ជំហរមិនត្រលប់ទៅធ្វើការជាមួយអង្គការវិញទេ តែសុំអនុញ្ញាតរដ្ឋមន្ត្រី ឌិត ទីណា ដើម្បីអាចទៅលេងជាមួយឡាក់គី ដូចជាសាច់ញាតិ

ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៣ ខែកក្កដា បានជួបពិភាក្សាជាមួយលោក ទ្រី ស៊ីថេង ដែលជាហ្មថែទាំដំរី ឡាក់គី និងក្រុមហ្មដំរីទាំងអស់ ដែលជាបុគ្គលិករបស់អង្គការ សម្ព័ន្ធសត្វព្រៃ (Wildlife Alliance) ដោយមានការសម្របសម្រួលពីមន្ត្រីរដ្ឋបាលព្រៃឈើ។

ជំនួបនេះមានគោលបំណងសម្របសម្រួលឱ្យ លោក ទ្រី ស៊ីថេង អាចត្រឡប់ទៅធ្វើការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្នុងការមើលថែ ឡាក់គីវិញ ក៏ដូចជាស្វែងយល់ពីលក្ខខណ្ឌការងារ របស់បុគ្គលិកអង្គការដែលនៅជួយមើលដំរីផងដែរ។

លោក ទ្រី ស៊ីថេង បានជម្រាបជូនលោករដ្ឋមន្ត្រីអំពីសាវតា នៃទំនាស់នៅកន្លែងការងារ ដែលជាហេតុនាំឱ្យលោកសម្រេចចិត្តលាឈប់។ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះអនុស្សាវរីយ៍ការងារជាច្រើនឆ្នាំនៅភ្នំតាម៉ៅ ជាពិសេសការងារថែទាំដំរីឡាក់គី។ យ៉ាងណាមិញ លោកបានបដិសេធមិនវិលត្រឡប់ ទៅធ្វើការនៅកន្លែងចាស់វិញទេ ដោយគ្រាន់តែស្នើសុំការអនុញ្ញាតឱ្យលោកអាចទៅលេង និងចំណាយពេលស្និទ្ធស្នាល ជាមួយឡាក់គីម្ដងម្កាលប៉ុណ្ណោះ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោក ទ្រី ស៊ីថេង លោករដ្ឋមន្ត្រីបានសម្តែងការគាំទ្រ និងកោតសរសើរចំពោះការលះបង់ និងការយកចិត្តទុកដាក់របស់លោកក្នុងការថែរក្សាដំរីឡាក់គី តាំងពីតូចអស់រយៈពេលជាង ២៦ ឆ្នាំ។ លោករដ្ឋមន្ត្រីយល់ឃើញថា បញ្ហានេះមានភាពស្មុគស្មាញ និងស៊ីជម្រៅជាងអ្វីដែលមើលឃើញពីខាងក្រៅ។ លោករដ្ឋមន្ត្រីបានលើកឧទាហរណ៍ ប្រៀបធៀបករណីនេះទៅនឹងប្តីប្រពន្ធ ដែលបានសម្រេចចិត្តលែងលះគ្នា ហើយកូនក៏ត្រូវឃ្លាតឆ្ងាយពីឪពុកឬម្តាយ។ ក្នុងនាមអាជ្ញាធរ យើងមិនអាចបង្ខំឱ្យប្តីប្រពន្ធទាំងពីរ មកសម្របសម្រួលគ្នាវិញឡើយ គឺមានតែព្យាយាមផ្សះផ្សាតែប៉ុណ្ណោះ។

ដោយឡែកចំពោះសំណើសុំការ អនុញ្ញាតទៅលេងឡាក់គី លោករដ្ឋមន្ត្រី បានគាំទ្រនិងលើកទឹកចិត្តឱ្យលោកទ្រី ស៊ីថេង អាចបានទៅមកភ្ជាប់មនោសញ្ចេតនាជាមួយឡាកគី ដូចឪពុកនិងកូន។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានសាកសួរទៅហ្មដំរីផ្សេងៗទៀត ដែលជាបុគ្គលិកអង្គការពីលក្ខខណ្ឌការងារផងដែរ។ លោករដ្ឋមន្ត្រីក៏បានសន្យាថា នឹងនាំយកសំណើសំណូមពររបស់លោក ទ្រី ស៊ីថេង និងបុគ្គលិកដទៃទៀត ទៅពិភាក្សាជាមួយតំណាងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ។

មុននឹងបញ្ចប់ ដោយយល់ឃើញថា លោក ទ្រី ស៊ីថេង មានចិត្តស្រលាញ់ការងារថែរក្សាសត្វព្រៃ លោករដ្ឋមន្ត្រីក៏បានផ្ដាំផ្ញើថា ក្រសួងនឹងជួយគាំទ្រដល់ការងារថ្មីរបស់លោក ជាពិសេសការងារដែលទាក់ទងនឹងអភិរក្សសត្វទន្សោង នៅតំបន់ប្រាំបីមុំ ខេត្តកំពង់ស្ពឺដែលជាបំណងប្រាថ្នារបស់លោកផ្ទាល់ ៕

To Top