ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ Shandong របស់ចិន អមជាមួយនឹងនាវាកងទ័ព ៣គ្រឿង រួមទាំងនាវាពិឃាត ធ្វើដំណើរចូលទៅក្នុងដែនទឹកហុងកុងជាលើកដំបូង

xinhua

បរទេស៖ នាវាផ្ទុកយន្តហោះដែលផលិតក្នុងស្រុកដំបូងគេរបស់ចិន គឺនាវា Shandong ថ្ងៃព្រហស្បតិ៍នេះ គឺបានធ្វើដំណើរចូលទៅក្នុងដែនទឹកហុងកុង ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ ដោយអមជាមួយនឹងនាវាកងទ័ពរំដោះប្រជាជនចំនួនបីគ្រឿង រួមទាំងនាវាពិឃាតមីស៊ីលផងដែរ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃ ដែលកើតឡើងភ្លាមៗបន្ទាប់ពីទីក្រុងហុងកុងបានប្រារព្ធខួបលើកទី២៨ នៃការវិលត្រឡប់ពីចក្រភពអង់គ្លេសមកការគ្រប់គ្រងរបស់ចិន គឺជាការបង្ហាញដ៏ធំបំផុតមួយនៃកម្លាំងយោធារបស់ចិននៅក្នុងទីក្រុងហុងកុងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

នាវាផ្ទុកយន្តហោះដំបូងបង្អស់របស់ចិន Liaoning ត្រូវបានសាងសង់ឡើងវិញពីនាវាកងទ័ពជើងទឹកសូវៀតដែលត្រូវបានបញ្ឈប់ការប្រើប្រាស់ ហើយបានធ្វើដំណើរទៅទីក្រុងហុងកុងក្នុងឆ្នាំ ២០១៧ ។

កាលពីខែមុន នាវារបស់ចិនទាំងពីរគ្រឿងនេះ បានធ្វើប្រតិបត្តិការនាវាផ្ទុកយន្តហោះពីរដែលគេស្គាល់ដំបូងគេនៅប៉ាស៊ីហ្វិក នៅក្នុងអ្វីដែលមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ និងជប៉ុនបាននិយាយថា បានបង្ហាញពីគោលបំណងពង្រីករបស់ចិនហួសពីព្រំដែនរបស់ខ្លួន។

ដោយលាតសន្ធឹងប្រវែង ៣១៥ ម៉ែត្រ និងមានទម្ងន់រហូតដល់ ៧០.០០០ តោន នាវា Shandong បានឆ្លងកាត់ដែនទឹកហុងកុង មុនពេលបោះយុថ្កានៅលើគែមខាងលិចនៃ Victoria Harbor ជាមួយនឹងយន្តហោះចម្បាំង J-15 និងឧទ្ធម្ភាគចក្រ Z-18 នៅលើនាវា។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានឱ្យដឹងថា នាវាពិឃាតមីស៊ីលចិន Zhanjiang និងនាវាចម្បាំង Yuncheng បានចូលចតនៅមូលដ្ឋានទ័ពជើងទឹក PLA នៅលើកោះ Stonecutter’s ៕

ប្រែសម្រួលៈ ណៃ តុលា

To Top