ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ បានបើកការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ដែលមានអ្នកចាញ់បោករាប់ពាន់នាក់ និងគិតជាទឹកប្រាក់រាប់លានដុល្លារ។ នេះបើតាមផេករបស់ ACU។

អង្គភាពប្រឆាំងអំពើពុកលួយ តាមរយៈក្រុមស៊ើបអង្កេតផ្ទៃក្នុង បានបើកការស៊ើបអង្កេតលើអនុប្រធានអង្គភាព ប្រឆាំងពុករលួយ គឺលោក ស៊ាន បូរ៉ាត និងលោកឧត្តមសេនីយ៍ឯក ស ថាវី ដែលបានជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា។

ACU បើការស៊ើបអង្កេតនេះ ក្រោយតុលាការខេត្តសៀមរាបបានបញ្ជូនសំណុំរឿងអតីតឧកញ៉ាឡេង ចាន់ណា និងបក្ខពួកចំនួន៣២សំណុំរឿងមកអង្គភាពខ្លួន ខណៈតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាកន្លងមក។

សំណុំរឿងទាំង ៣២នេះ មានទាំងអស់២៤៨៥២ទំព័រ (អង្គភាពចាត់មន្ត្រី១០រូបអានឯកសារទាំងនេះមួយខែបានចប់) ហើយតួអង្គ ស៊ាន បូរ៉ាត និង ស ថាវី នៅដំណាក់កាលតុលាការខេត្តសៀមរាបគឺជាសាក្សី។

រីឯក្នុងសំណុំរឿងបើកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយលើ ស៊ាន បូរ៉ាត និងស ថាវី វិញ អ្នក ទាំងពីរនេះមិនមែនជាអ្នកសាក្សីទេ គឺជាជនសង្ស័យនៃសំណុំរឿង៕
