ព័ត៌មានអន្តរជាតិ

មេបញ្ជាការរងកងទ័ពជើងទឹករុស្ស៊ី ដែលមានងារជាវីរបុរសរុស្ស៊ី បានស្លាប់នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ព្រំដែននៃខេត្ត Kursk

RT News

បរទេស៖ មន្ត្រីរុស្ស៊ីបាននិយាយថា មេបញ្ជាការរងកង ទ័ពជើងទឹកឧត្តមសេនីយ៍ Mikhail Gudkov ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា នៅក្នុងតំបន់ព្រំដែននៃខេត្ត Kursk ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅថ្ងៃនេះថា “ឧត្តមសេនីយ៍ Mikhail Evgenievich Gudkov មេបញ្ជាការរង នៃកងទ័ពជើងទឹក ទទួលបន្ទុកលើកងកម្លាំងជើងគោក និងឆ្នេរសមុទ្រ បានទទួលមរណភាពកាលពីថ្ងៃទី ២ ខែកក្កដា ខណៈដែលកំពុងបំពេញ បេសកកម្មប្រយុទ្ធ នៅតំបន់ព្រំដែនមួយនៃតំបន់ Kursk”។

អភិបាល Primorye លោក Oleg Kozhemyako បាននិយាយមុននេះថា ឧត្តមសេនីយ៍ Gudkov បានស្លាប់រួមជាមួយសមមិត្តរបស់គាត់ ហើយបានផ្ញើការរំលែកទុក្ខ របស់គាត់ទៅកាន់គ្រួសាររបស់ទាហាន។ លោក Oleg Kozhemyako បាននិយាយថា “គាត់គឺជាទាហានដែលមានឆន្ទៈដ៏ខ្លាំងក្លាដែលតែងតែ នៅជាប់នឹងកងទ័ពជើងទឹក។

ឧត្តមសេនីយ៍ Mikhail Gudkov កើតនៅតំបន់ Novosibirsk ហើយបានបញ្ចប់ការសិក្សាពីសាលាបញ្ជាការយោធាជាន់ខ្ពស់ Novosibirsk ។ គាត់បានទទួលងារជាវីរបុរសនៃប្រទេសរុស្ស៊ីនៅចុងឆ្នាំ ២០២៣ សម្រាប់ “ភាពក្លាហាននិងភាពជាអ្នកដឹកនាំដ៏ប៉ិនប្រសប់” ។

គាត់បានបញ្ជាឱ្យកង ពលតូចឆ្មាំសមុទ្រទី ១៥៥ នៃកងនាវាចរប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងប្រតិបត្តិការ ដើម្បីបណ្តេញកង កម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៤ ដល់ដើមឆ្នាំនេះ។ ឧត្តមសេនីយ៍ Gudkov ត្រូវបានតែងតាំងជាមេបញ្ជាការរង នៃកងទ័ពជើងទឹករុស្ស៊ី ទទួលបន្ទុកកងម៉ារីន និងឆ្នេរសមុទ្រកាលពីខែមីនា៕
ប្រែប្រួលៈ ណៃ តុលា

To Top