ព័ត៌មានអន្តរជាតិ

ចិន និងអឺរ៉ុប សម្លឹងមើលកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងការឆ្លើយតបរួមគ្នា ចំពោះបញ្ហាប្រឈមពិភពលោក

xinhua

ប៉េកាំង៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃពុធ ដោយភាគីទាំងពីរ បង្ហាញឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅ និងរួមគ្នាដោះស្រាយ បញ្ហាប្រឈមជាសកល នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត រវាងប្រទេសចិន និងសហភាពអឺរ៉ុប  និងខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ។ លោកបានលើកឡើងថា ទិដ្ឋភាពអន្តរជាតិកាន់តែស្មុគ្រស្មាញ និងប្រឈមកាន់តែខ្លាំង ប្រទេសចិន និងសហភាពអឺរ៉ុប ក្នុងនាមជាអរិយធម៌ និងកម្លាំងធំៗពីរ ត្រូវការពង្រឹងទំនាក់ទំនង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក ទទួលខុសត្រូវ និងបម្រើជាកម្លាំងនៃស្ថិរភាព និងប្រាកដប្រជាពិភពលោក។

ដោយពណ៌នាអំពីកិច្ចប្រជុំ របស់មេដឹកនាំចិន-សហភាព អឺរ៉ុបនាពេលខាងមុខថា ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលប្រព្រឹត្តទៅ នៅដំណាក់កាលសំខាន់មួយ លោក Wang បាននិយាយថា ប្រទេសចិន ទន្ទឹងរង់ចាំធ្វើការជាមួយអឺរ៉ុប ដើម្បីសង្ខេបបទ ពិសោធន៍ដ៏មានតម្លៃ និងការយល់ដឹងសំខាន់ៗពីទំនាក់ទំនងចិន-សហភាពអឺរ៉ុបក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក និងគូសផែនទីបង្ហាញទិសដៅអនាគតនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសម្រាប់ ៥០ ឆ្នាំខាងមុខ។

ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ប្រទេសចិនតែងតែគាំទ្រ សមាហរណកម្មអឺរ៉ុប ដោយអំពាវនាវឱ្យភាគី ទាំងពីររក្សាពហុភាគីនិយម និងពាណិជ្ជកម្ម សេរី ការពារច្បាប់ និងសណ្តាប់ធ្នាប់អន្តរជាតិ ជំរុញការដោះស្រាយ ជម្លោះអន្តរជាតិដោយសន្តិវិធី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ។

លោកក៏បានគូសបញ្ជាក់ផងដែរថា ប្រទេសចិន នៅតែប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ និងការបើកទូលាយកម្រិតខ្ពស់ និងបានបង្ហាញពីការត្រៀមខ្លួន របស់ចិនក្នុងការធ្វើការជាមួយអឹរ៉ុប ដើម្បីរក្សាជំហរជាដៃគូ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រីកការបើកចំហរទ្វេភាគី និងដោះស្រាយភាពខុសប្លែកគ្នា យ៉ាងត្រឹមត្រូវតាមរយៈការពិគ្រោះយោបល់ដើម្បីទទួលបានផលប្រយោជន៍ទៅវិញទៅមក និងលទ្ធផលឈ្នះ-ឈ្នះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top