ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជាបានលើកឡើងថា នៅខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗ ជាច្រើនគ្រឿង នឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំង ដែលបានដោះស្រាយផលប៉ះពាល់ ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដី តាមបណ្តោយព្រែកបានធ្វើរួចនៅខេត្ត២ ។

គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារចុះពិនិត្យ ទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយ ព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារ សម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងតាកែវ ។

នាឱកាសដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត-កែប នាថ្ងៃ៣ កក្កដា លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានបន្តដំណើរតាមការគ្រោងទុក របស់រាជរដ្ឋាភិបាល ដែលបានប្រកាសថា គម្រោងនេះនឹងសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៨ ដោយមិនមានភាពយឺតយ៉ាវនោះទេ ខណៈបានត្រៀមគ្រឿងចក្រជាច្រើនគ្រឿង ដើម្បីចូលទៅទីតាំងកំណត់សម្រាប់ ជីកព្រែកជីកហ្វូណនតេជោ ។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលគូសបញ្ជាក់ថា នៅពេលខាងមុខអាចជានៅអំឡុងខែវិច្ឆិកា ឬខែធ្នូ ពោលនៅពេលទឹកស្រកចុះអស់គឺជាខែប្រាំង ក្រុមការងារនឹងចាប់ផ្តើមអនុវត្តនូវគម្រោងជីកព្រែកជីកហ្វូណន ដោយគ្រឿងចក្រចាប់ផ្តើមជីកធ្វើសកម្មភាព ។

លោកបន្តថា “អីចឹងយើងសង្ឃឹមថា នៅរដូវប្រាំង ខែវិច្ឆិកា ឬខែធ្នូ ខាងមុខនេះ យើងនឹងឃើញគ្រឿងចក្រធំៗជាច្រើនគ្រឿង នឹងចូលមកដល់ទីតាំង របស់យើង ហើយជាទីតាំងដែលយើង បានដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋហើយ ។ យើងមិនយកគ្រឿងចក្រមកដាក់ នៅកន្លែងដែលមិនទាន់ដោះស្រាយ ផលប៉ះពាល់ជូនពលរដ្ឋនោះទេ” ។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាលប្រវែង ៥៤ គីឡូម៉ែត្រ , ខេត្តតាកែវប្រវែង ៦០គីឡូម៉ែត្រ , ខេត្តកំពតប្រវែង ៤៣គីឡូម៉ែត្រ និងខេត្តកែបប្រវែង១៧,៥គីឡូម៉ែត្រ ។ គម្រោងព្រែកជីកនេះ នឹងប្រើប្រាស់ពេលវេលាសាងសង់៤៨ខែ ហើយគ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ថវិកាចំនួន១,៧ពាន់លានដុល្លារ ៕
