ភ្នំពេញ ៖ បញ្ហាកំណាត់ផ្លូវរថភ្លើង ភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Royal Railway នឹងធ្វើការដកដែករ៉ៃចេញ និងចាក់បេតុងឱ្យបានស្អាត ដើម្បីធានាសុវត្ថិភាព របស់ប្រជាពលរដ្ឋ ធ្វើចរាចរតាមដងផ្លូវនេះ។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យផ្ទាល់ដល់ទីតាំងកំណាត់ផ្លូវរថភ្លើង ភ្ជាប់ពីខ្សែផ្លូវដែកមេ ចូលទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានប្រវែង ១៥០០ម៉ែត្រ សង់នៅលើទ្រូងផ្លូវ 105K ។

ជាលទ្ធផល មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយក្រុមហ៊ុន Royal Railway នឹងធ្វើការកាយដកដែករ៉ៃចេញ និងចាក់បេតុង ឱ្យបានស្អាតឡើងវិញ ស្របតាមស្តង់បច្ចេកទេសផ្លូវបេតុង ។ ដើម្បីធានានូវសុវត្ថិភាព របស់ប្រជាពលរដ្ឋធ្វើចរាចរតាមដងផ្លូវនេះ ក្រុមការងារនឹងសហការគ្នាទាំងយប់ទាំងថ្ងៃ ឱ្យការងារនេះចប់រួចរាល់ឆាប់បំផុត។
ជាមួយគ្នានេះផងដែរ ក្រុមការងារ ក៏បានចុះពិនិត្យទីតាំងផ្លូវឆ្លងកាត់ផ្លូវរថភ្លើង ដែលមានគ្រោះថ្នាក់ញឹកញាប់ចំនួន២ ទីតាំង នៅតំបន់ផ្លូវទំនប់កប់ស្រូវ ហើយក្រុមហ៊ុន Royal Railway ឯកភាពធ្វើការកែសម្រួលជម្រាល ចំណោតផ្លូវឆ្លងកាត់ផ្លូវដែកទាំងពីរ ទីតាំងឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ការកែសម្រួលផ្លូវដែកនេះ ក្រោយមានការចែករំលែកគ្នានូវគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវតាំងក្រសាំង មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យនិស្សិតពេទ្យស្រីម្នាក់បានស្លាប់ ក្រោយបានឆ្លងកាត់ផ្លូវដែក ដែលបានឈប់ប្រើហើយបានរអិល ៕
