បរទេស៖ របាយការណ៍របស់សារព័ត៌មាន Bloomberg បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone គឺ Foxconn បានបញ្ជូនវិស្វករ និងអ្នកបច្ចេកទេសចិនជាង ៣០០ នាក់ ត្រឡប់ទៅផ្ទះវិញពីរោងចក្ររបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែក តាមការផ្សាយរបស់ Bloomberg ដោយដកស្រង់ពីអ្នក ដែលដឹងពីបញ្ហានេះថា បុគ្គលិកចិនរបស់ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកតៃវ៉ាន់ភាគច្រើន នៅរោងចក្រ iPhone នៅភាគខាងត្បូងប្រទេសឥណ្ឌា ត្រូវបានគេប្រាប់ឱ្យចាកចេញ នៅក្នុងការផ្លាស់ប្តូរដែលបានចាប់ផ្តើមប្រហែល ២ ខែមុននេះ ។ របាយការណ៍បានឱ្យដឹងថា នៅពេលនេះ មានតែបុគ្គលិកគាំទ្រមកពីតៃវ៉ាន់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុងប្រទេសឥណ្ឌា ។
ហេតុផលសម្រាប់ការសម្រេចចិត្តរបស់ Foxconn ក្នុងការបញ្ជូនបុគ្គលិកចិនត្រឡប់ទៅវិញ គឺមិនច្បាស់លាស់ ក៏ប៉ុន្តែ របាយការណ៍បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ វាកើតឡើងចំពេលមានរបាយការណ៍ថា មន្ត្រីចិនបានជំរុញ ដោយផ្ទាល់មាត់ដល់ភ្នាក់ងារនិយតកម្ម និងរដ្ឋាភិបាលក្នុងតំបន់ឱ្យរឹត បន្តឹងការផ្ទេរបច្ចេកវិទ្យា និងការនាំចេញឧបករណ៍ ទៅកាន់ប្រទេសឥណ្ឌា និងនៅអាស៊ីអាគ្នេយ៍។
ការផ្លាស់ប្តូរនេះអាចជាការប៉ុនប៉ង មួយដើម្បីបំបាក់ទឹកចិត្តក្រុមហ៊ុន ពីការផ្លាស់ប្តូរប្រតិបត្តិការផលិតកម្មឆ្ងាយពីប្រទេសចិន, នេះបើយោងតាមអ្នកឃ្លាំមើល ផ្នែកឧស្សាហកម្ម ។
ខណៈដែលក្រុមហ៊ុន Foxconn នៅតែផលិតទូរស័ព្ទ iPhone ភាគច្រើន នៅក្នុងប្រទេសចិន ក្រុមហ៊ុនបានបង្កើតជាបណ្តើរៗ នូវប្រតិបត្តិការ ដំឡើងដ៏ធំ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ក្រុមហ៊ុនបានពង្រាយវិស្វករចិន ដែលមានបទពិសោធជាច្រើនក្នុងប្រទេសដើម្បីជួយពន្លឿនការពង្រីកខ្លួន ។ របាយការណ៍បាន និយាយថា ការដកកម្មករទាំងនេះភ្លាមៗ ចេញពីប្រតិបត្តិការ ផលិតកម្មរបស់ប្រទេសឥណ្ឌា ទំនងជារារាំងដល់ការបណ្តុះបណ្តាល បុគ្គលិកក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យាផលិតកម្មពីប្រទេសចិន ដែលអាចបង្កើនតម្លៃផលិតកម្ម៕
ប្រែសម្រួលៈ ណៃ តុលា
