ព័ត៌មានអន្តរជាតិ

២ថ្ងៃ រុស្ស៊ី បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក របស់អ៊ុយក្រែន អស់ជាង ១០០គ្រឿង

RT News

បរទេស ៖ យោងតាមក្រសួងការពារជាតិ នៅទីក្រុងមូស្គូបានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែនជាង ១០០ គ្រឿង នៅចន្លោះយប់ថ្ងៃសុក្រ ដល់ព្រឹកថ្ងៃសៅរ៍ ។ ទោះជាយ៉ាងណា មន្ត្រីប្រចាំតំបន់បានរាយការណ៍ ពីការខូចខាតអគារលំនៅឋានមួយចំនួនផងដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៩៤ គ្រឿងត្រូវបានស្ទាក់ចាប់ និងបំផ្លាញចោល នៅពេលយប់ ភាគច្រើននៅលើតំបន់ Voronezh, Bryansk, Belgorod, Saratov និង Novgorod ។

ក្រសួងបានបន្ថែមថា យន្តហោះគ្មានមនុស្សបើកចំនួន ១២ គ្រឿងទៀតត្រូវបានបំផ្លាញនៅចន្លោះម៉ោង ៦ ព្រឹកដល់ម៉ោង ៨ ព្រឹក ថ្ងៃសៅរ៍ ដែលភាគច្រើននៅតំបន់ Bryansk និង Ryazan និងនៅលើតំបន់ Oryol និង Novgorod ។

យោងតាមអភិបាលក្រុងមូស្គូលោក Sergey Sobyanin , រដ្ឋធានីរុស្ស៊ីត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង ដែលត្រូវបានស្ទាក់ចាប់នៅពេលយន្តហោះគ្មានមនុស្សបើកទាំងនោះ ហោះចូលមកជិត។ លោកបានបន្ថែមថា សេវាសង្គ្រោះបន្ទាន់ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលមានកម្ទេចកម្ទីយន្តហោះដែលបានធ្លាក់ចុះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top