ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំង៣ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) បើមិនព្រមទទួលសំណង ជាង៣លានដុល្លារនោះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ខណៈដែលក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ អាចបន្តប្តឹងទៅតុលាការបាន។
ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការអន្តរក្រសួង បានប្រើរយៈពេលជាង១ឆ្នាំហើយ ក្នុងការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ នៃគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) ហើយមកដល់ពេលនេះ ផលប៉ះពាល់មួយចំនួនធំ ត្រូវបានដោះស្រាយបញ្ចប់ ប៉ុន្តែមានប្រជាពលរដ្ឋ ចំនួន៣គ្រួសារប៉ុណ្ណោះ មិនទាន់ទទួលយកសំណង ពីអាជ្ញាធរ នូវឡើយ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចប្រគល់សំណង ជាង៣លានដុល្លារយ៉ាងណាក្តី។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការអញ្ជើញតំណាងសមាជិកទាំង៣គ្រួសារ មកជួបប្រជុំពិភាក្សារកដំណោះស្រាយម្តងទៀត នៅសាលារាជធានីភ្នំពេញ ។ ជាលទ្ធផល ទាំង៣គ្រួសារដែលរងផលប៉ះពាល់ នៅតែទាមទាសំណងហួសហេតុ មិនអាចទទួលយកបានដដែល ពោលគឺបានទៀមទា គុណនិង២ ឬគុណនិង៣នៃសំណងដែលរដ្ឋបានប្រគល់ជូន។
ក្នុងកិច្ចប្រជុំខាងលើនេះ លោក ឃួង ស្រេង បានគូសបញ្ជាក់ថា ដីរបស់បងប្អូនដែលរងផលប៉ះពាល់នេះ អាជ្ញាធរមិនមែនយកមក ដើម្បីជាប្រយោជន៍ខ្លួនឯងទេ តែគឺដើម្បីធ្វើស្ពាន ធ្វើផ្លូវ ឱ្យប្រជាពលរដ្ឋទូទៅបានធ្វើដំណើរ ដោះស្រាយការកកស្ទះចរាចរ។ ដូច្នេះសូមឱ្យបងប្អូនទាំង៣គ្រួសារមេត្តាយោគយល់។
បន្ថែមលើនេះ លោក ឃួង ស្រេង អះអាងថា អាជ្ញាធរក្នុងនាមជាម៉ែជាឪរបស់ប្រជាពលរដ្ឋ មិនចង់ឱ្យមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋទេ ដោយស្នើឱ្យគ្រួសារទាំង៣ខាងលើនេះ កុំទាសំណងថ្លៃខ្លាំងពេក រហូតរដ្ឋមិនអាចទទួលយកបាន។
ក្នុងនោះលោក ឃួង ស្រេង បានបញ្ជាក់ថា តម្លៃដីរហូតដល់ជាង៣លានដុល្លារនេះ សមល្មមហើយ ប៉ុន្តែបងប្អូននៅតែទទួលយកមិនបាន។ បងប្អូនអាចជួលក្រុមហ៊ុន អចលនៈទ្រព្យចំនួន២ក្រុមហ៊ុន មកសិក្សាពីតម្លៃនៅលើទីតាំងបងប្អូនបាន ដោយរដ្ឋបាលរាជធានីភ្នំពេញ សុខចិត្តចេញលុយថ្លៃក្រុមហ៊ុនឱ្យថែមទៀត។ បើនៅតែមិនត្រូវគ្នាទៀត រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ព្រោះវាល្មមដល់ពេលហើយ មិនអាចបន្តដោះស្រាយទៅមុខទៀតទេ។ ក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ បងប្អូនអាចបន្តប្តឹងទៅតុលាការបាន។
លោក ឃួង ស្រេង គូសបញ្ជាក់ថា ថវិកាជាង៣លានដុល្លារ ដែលនឹងប្រគល់ជូននេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចរួចហើយ មិនអាចបន្ថែមបានទៅតាមការទាមទាស្រេចតែចិត្តនោះទេ។ ចុងក្រោយនេះ អាជ្ញាធររាជធានីភ្នំពេញ មានជម្រើស២ សម្រាប់ក្រុមគ្រួសារទាំង៣ដែលរងប៉ះពាល់ គឺទី១ អាចរុះរើដោយខ្លួនឯង ដោយរដ្ឋបាលរាជធានីភ្នំពេញ នឹងប្រគល់ថវិកាជូនថ្លៃរុះរើ ចំនួន១០ម៉ឺនដុល្លារ និងទី២ រដ្ឋបាលរាជធានីភ្នំពេញ នឹងជួលគេឱ្យមករុះរើ ខណៈដែល លោកអភិបាលរាជធានីភ្នំពេញ នៅតែអះអាងថា អាជ្ញាធររាជធានីភ្នំពេញ មិនមានចេតនាណាមួយ ចង់អនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ តែវាដល់ពេលហើយ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មិនទទួលយកសំណងខាងលើនេះរួមមាន ៖ ១/ គ្រួសារ ឈ្មោះ ប៊ូ ឆាយ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ៩៣៩.៣៨០,៥២$ (ប្រាំបួនរយសាមសិបប្រាំបួនពាន់ បីរយប៉ែតសិបដុល្លារអាមេរិក និងហាសិបពីរសេន) ២/ គ្រួសារឈ្មោះ ហុក សេងគឹម សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ២.២០៩.៥៤៣,១៥$ (ពីរលាន ពីររយប្រាំបួនពាន់ ប្រាំរយសែសិបបីដុល្លារអាមេរិក និងដប់ប្រាំសេន) និង៣/ គ្រួសារឈ្មោះ ហុក សេងជួរ សំណងផលប៉ះពាល់ទឹកប្រាក់ សរុបចំនួន ១៧១.៨៣៨,១៩ $ (មួយរយចិតសិបមួយពាន់ ប្រាំបីរយសាមសិបប្រាំបីដុល្លារអាមេរិក និងដប់ប្រាំបួនសេន)។ សំណងទាំងនេះពួកគាត់មិនទទួលយកទេ។
សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះស្ថិតនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។គម្រោងនេះវានឹងផ្តល់នូវអត្ថប្រយោជន៍ដ៏សំខាន់ ក្នុងការផ្សារភ្ជាប់សេដ្ឋកិច្ច-សង្គម រវាងតំបន់ ខាងកើត និងខាងលិចរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏នឹង ក្លាយជាខ្សែផ្លូវវាងដ៏សំខាន់ ក្នុងការបញ្ចៀសការកកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់ថ្ងៃនៅចំណុច ស្ពានព្រះមុនីវង្ស៕






