ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន ថ្កោលទោសការបន្តការ វាយប្រហាររបស់ហ៊ូទី លើនាវាស៊ីវិលនៅសមុទ្រក្រហម

Xinhua

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តការវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហមដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន នេះបើតាមអ្នកនាំពាក្យរបស់លោក។

អ្នកនាំពាក្យ Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលិចនាវាពាណិជ្ជកម្មពីរគ្រឿង រួមជាមួយនឹងការស្លាប់របស់នាវិកយ៉ាងហោចណាស់ ៤ នាក់ និងរបួសដល់អ្នកផ្សេងទៀត គឺជាការកើនឡើងឡើងវិញដ៏គ្រោះថ្នាក់នៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដោយមានសមាជិកនាវិកយ៉ាងហោចណាស់ ១៥នាក់បានរាយការណ៍ថាបានបាត់ខ្លួន លោក Guterres អំពាវនាវឱ្យក្រុមហ៊ូទី កុំចាត់វិធានការណាមួយដែល រារាំងដល់ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះដែលកំពុងបន្ត សម្រាប់នាវិកដែលបាត់ខ្លួន។

លោក Dujarric បានលើកឡើងថា “លើសពីការវាយប្រហារ ដែលមិនអាចទទួលយកបានលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកដំណើរតាមសមុទ្រ សកម្មភាពទាំងនេះក៏បានរំលោភ លើសេរីភាពនៃការធ្វើនាវាចរណ៍ បណ្តាលឱ្យមានគ្រោះថ្នាក់ដល់ការដឹកជញ្ជូនតាមសមុទ្រ និងតំណាងឱ្យហានិភ័យធ្ងន់ធ្ងរនៃការខូចខាតបរិស្ថាន សេដ្ឋកិច្ច និងមនុស្សធម៌ចំពោះបរិស្ថានឆ្នេរសមុទ្រដែលងាយរងគ្រោះរួចទៅហើយនោះ”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top