វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានបញ្ជាឱ្យ ចាប់ផ្តើមធ្វើការលើជំរឿនថ្មីមួយ ដើម្បីដកប្រជាជនដែលរស់ នៅក្នុងប្រទេសនេះ ដោយគ្មានឋានៈស្របច្បាប់។
លោក ត្រាំ បានសរសេរនៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social របស់លោកថា “ខ្ញុំបានណែនាំក្រសួងពាណិជ្ជកម្មរបស់យើង ឱ្យចាប់ផ្តើមការងារភ្លាមៗលើការជំរឿនថ្មី និងត្រឹមត្រូវខ្ពស់ ដោយផ្អែកលើការពិត និងតួលេខសម័យទំនើប ហើយសំខាន់គឺការប្រើប្រាស់លទ្ធផល និងព័ត៌មានដែលទទួលបានពីការបោះឆ្នោត ប្រធានាធិបតីឆ្នាំ២០២៤” ។
លោក ត្រាំ បានលើកឡើងថា “មនុស្សដែលនៅក្នុងប្រទេសរបស់យើង ដោយខុសច្បាប់នឹងមិនត្រូវបាន រាប់បញ្ចូលក្នុងជំរឿនទេ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ជំរឿនសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងរៀងរាល់ ១០ឆ្នាំម្តងដោយការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃនាយកដ្ឋានពាណិជ្ជកម្ម តាមតម្រូវការដោយរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក។ គម្រោងបន្ទាប់គឺនៅឆ្នាំ២០៣០ ។
គោលបំណងរបស់វាគឺ ដើម្បីរាប់មនុស្សគ្រប់រូបដែលរស់នៅក្នុងសហរដ្ឋអាមេរិក ដោយមិនគិតពីសញ្ជាតិ ឬស្ថានភាពអន្តោប្រវេសន៍។ បន្ទាប់មក លទ្ធផលត្រូវបានប្រើប្រាស់ ដើម្បីចែកចាយឡើងវិញនូវអាសនៈ នៅក្នុងសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក ក្នុងចំណោមរដ្ឋនានា ដោយផ្អែកលើចំនួនប្រជាជន៕
