ព័ត៌មានអន្តរជាតិ

ចិន ជំរុញ​បុគ្គល​ហ្វីលីពីន​មួយចំនួន ឲ្យ​ឈប់​បង្ករឿង​លើ​សំណួរ​តៃវ៉ាន់

China Daily

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានឲ្យដឹងថា ប្រទេសចិនបានជំរុញឱ្យបុគ្គលហ្វីលីពីនមួយចំនួន ឈប់សម្តែងល្ខោន និងបញ្ឈប់ការបង្ករឿងលើសំណួរតៃវ៉ាន់។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilbert Teodoro ឆ្លើយតបនឹងការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ចំពោះហ្វីលីពីន ដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចរបស់ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរតៃវ៉ាន់ បានឲ្យដឹងថា ចិន មិនគួរដាក់ខ្សែក្រហមរបស់ខ្លួនលើហ្វីលីពីនឡើយ ហើយថាវាជាអធិបតេយ្យភាពរបស់ហ្វីលីពីនក្នុងការទទួលយកមន្ត្រីតៃវ៉ាន់។ 

លោក Teodoro បានលើកឡើងថា គ្មានមន្ត្រីរដ្ឋាភិបាលណាម្នាក់បានជួបជាមួយលោក Lin Chia-lung ហើយហ្វីលីពីន “ប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ” ប៉ុន្តែ “ចិនគ្មានសិទ្ធិផ្តាច់ការនោះទេ” ។

លោក Guo បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិន បានបង្ហាញពីជំហរដ៏ឧឡារិករបស់ខ្លួន ចំពោះហ្វីលីពីន ដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយប្រធាននាយកដ្ឋានកិច្ចការបរទេសនៃអាជ្ញាធរតៃវ៉ាន់។

ផ្ទាំងពាណិជ្ជកម្ម

លោកបានសង្កត់ធ្ងន់ថា ប្រទេសហ្វីលីពីន បានទទួលយកពាក្យ និងទង្វើខុសឆ្គង និងញុះញង់ម្តងហើយម្តងទៀតលើបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ រំលោភលើបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនលើបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ហើយបានបន្តធ្វើឱ្យខូចទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន និងដើរជាន់លើបន្ទាត់ក្រហមរបស់ប្រទេសចិន។

លោក​បាន​បន្ត​ថា​ «​ហ្វីលីពីន​នឹង​បង់ថ្លៃ ហើយ​ផលវិបាក​ទាំងអស់​ដែល​កើត​ឡើង​ត្រូវតែ​ជា​បន្ទុក​ដោយ​ហ្វីលីពីន​»​៕

ប្រែសម្រួល ឈូក បូរ៉ា

To Top