អភិបាលស្រុកប្រាសាទសំបូរ និងក្រុមការងារចុះពិនិត្យគម្រោងដីសម្បទានសង្គមកិច្ច LASED Ill ក្នុងឃុំគោល!

កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះពិនិត្យដោយផ្ទាល់នូវទីតាំងជាក់ស្តែងសម្រាប់អនុវត្តគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) នៅឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ឃីម សុខឃាង បានគូសបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមានគោលបំណងសំខាន់ដើម្បីវាយតម្លៃ និងពិនិត្យទីកន្លែងបែងចែកដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ និងគ្មានដីធ្លី។ គម្រោងនេះនឹងផ្តល់ជូននូវដីសម្រាប់សង់លំនៅដ្ឋាន និងដីសម្រាប់ធ្វើកសិកម្ម ដើម្បីជួយលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងអំឡុងពេលចុះពិនិត្យ លោកអភិបាលស្រុកបានពិភាក្សាជាមួយក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាការអនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។ លោកអភិបាលស្រុក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្ត្រ ដើម្បីសម្រួលដល់ការរស់នៅ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនាពេលអនាគត៕








ដោយ៖ សំនៀង
