ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាមេរិក និង នាយករដ្ឋមន្រ្តីឥណ្ឌា នឹងពិភាក្សាគ្នាអំពីបញ្ហានៃការតម្លើងពន្ធ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលរបស់លោកកំពុងបន្តការចរចាជាមួយឥណ្ឌា ដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប៉ុន្មានថ្ងៃបន្ទាប់ពីការព្រមានថា ឥណ្ឌា និងរុស្ស៊ីហាក់ដូចជា “បាត់បង់ទៅ” ចិន។ លោក ត្រាំ នៅក្នុងការប្តូរចិត្តដ៏គួរឱ្យកត់សម្គាល់មួយបាននិយាយថា លោកទន្ទឹងរង់ចាំនិយាយទៅកាន់នាយករដ្ឋមន្រ្តីឥណ្ឌា Narendra Modi នៅក្នុង “សប្តាហ៍ខាងមុខនេះ” ហើយបានសម្តែងសុទិដ្ឋិនិយមថា ពួកគេអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម។

យោងតាមសារព័ត៌មាន Economic Times ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ នៅក្នុងការបង្ហោះនៅលើ Truth Social បានសរសេរថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ឥណ្ឌា និងសហរដ្ឋអាមេរិកកំពុងបន្តការចរចារដើម្បីដោះស្រាយរបាំងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ខ្ញុំទន្ទឹងរង់ចាំនិយាយជាមួយមិត្តដ៏ល្អរបស់ខ្ញុំគឺនាយករដ្ឋមន្ត្រី Modi ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ខ្ញុំមានអារម្មណ៍ថា ប្រាកដណាស់ថានឹងមិនមានការពិបាកណាមួយក្នុងការឈានទៅដល់ការសម្រេចបានជោគជ័យសម្រាប់ប្រទេសដ៏អស្ចារ្យរបស់យើងទាំងពីរឡើយ!”។

លោក ត្រាំ កាលពីសប្តាហ៍មុនបាននិយាយថា ប្រទេសឥណ្ឌាបានផ្តល់ជូនដើម្បីកាត់បន្ថយពន្ធលើទំនិញរបស់សហរដ្ឋអាមេរិកដល់សូន្យ ដោយបន្ថែមថា សំណើនេះគឺយឺតពេល ហើយប្រទេសអាស៊ីខាងត្បូងគួរតែកាត់បន្ថយពន្ធរបស់ខ្លួនកាលពីឆ្នាំមុន។

សារដ៏រំជើបរំជួលរបស់ប្រធានាធិបតីអាមេរិកបានធ្វើឡើងបន្ទាប់ពីកិច្ចចរចារច្រើនខែ ដែលបានធ្វើឱ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងឥណ្ឌាកាន់តែតានតឹង។ ប្រធានទីប្រឹក្សាសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌានៅសប្តាហ៍នេះ បានព្រមានថា ពន្ធ 50% របស់លោក ដូណាល់ ត្រាំ ដែលដាក់លើការនាំចេញរបស់ឥណ្ឌាទៅកាន់សហរដ្ឋអាមេរិកអាចកាត់បន្ថយពាក់កណ្តាលភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ឥណ្ឌានៅឆ្នាំនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top