វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្តល់អាហារូបករណ៍ ២ពាន់កន្លែង សិក្សាដោយឥតគិតថ្លៃ

សៀមរាប៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ២ ០០០កន្លែង ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត សម្រាប់ការសិក្សាមុខជំនាញសំខាន់ៗចំនួន១៣មុខជំនាញ។

ការផ្ដល់ជូនអាហារូបករណ៍នេះ គឺជាការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥លាននាក់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិសដៅលើកកម្ពស់ស្ថានភាពជីវិត យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈការផ្ដល់ឱ្យពួកគេនូវជំនាញ ១យ៉ាងតិចប្រចាំជីវិត និងមានលទ្ធភាពរកចំណូលបានសមរម្យ។

លោក ហ៊ ស៊ុនលាភ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានឱ្យដឹងថា វិទ្យាស្ថានបានផ្តល់អាហារូបករណ៍ ១០០% ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យទទួលបានការសិក្សាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ចំនួន ២ ០០០កន្លែង។

មុខជំនាញដែលផ្តល់អាហារូបករណ៍នោះ មានចំនួន ១៣មុខវិជ្ជា ដែលមានដូចជា ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការរចនាក្រាហ្វិកដោយកំព្យូទ័រ ការដំឡើងនិងថែទាំកាមេរ៉ាសុវត្ថិភាព ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក សេវាកម្មកុំព្យូទ័រ សេវាកម្មរដ្ឋបាល ធុរកិច្ចភេសជ្ជៈ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ សេវាកម្ម សម្អាងកាយ សេវាកម្មកាត់សក់បុរស និងការធ្វើម្ហូបខ្មែរ។


ជាមួយគ្នានោះ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក៏បានផ្តល់អាហារូបករណ៍ ១០០% ចំនួន ៥២៥កន្លែងដល់សិស្សដែលរៀនចប់ ឬធ្លាក់ថ្នាក់ទី១២ សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលសិក្សារយៈពេល២ឆ្នាំ ដោយឆ្លងកាត់ការប្រឡងជ្រើសរើសផងដែរ។ ក្នុងនោះ មានជំនាញដូចជា វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មអគ្គិសនី វិស្វកម្មបរិក្ខារត្រជាក់ វិស្វកម្មសំណង់ស៊ីវិល ផលិតកម្មនិងបសុព្យាបាល ក្សេត្រសាស្រ្ត គ្រប់គ្រងទេសចរណ៍និងបដិសណ្ឋារកិច្ច ភាសាអង់គ្លេសសម្រាប់អាជីវកម្ម ម៉ាឃីតធីង និងគណនេយ្យនិងហិរញ្ញវត្ថុ។

ក្នុងនោះផងដែរ នាយករងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានអំពាវនាវដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ មកដាក់ពាក្យរៀនជំនាញខ្លីកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ និងព្រមទាំងស្នើសុំដល់សិស្សដែលរៀនចប់ ឬធ្លាក់ថ្នាក់ទី១២ មកដាក់ពាក្យស្នើសុំប្រឡងដើម្បីទទួលបានអាហារូបករណ៍សម្រាប់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប។

លោក ហ៊ ស៊ុនលាភ បានបញ្ជាក់ថា សម្រាប់ការទំនាក់ទំនងសួរព័ត៌មាន និងចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់លេខទូរសព្ទលេខ ០៩៦ ៦៦៦ ០៣ ០៦ / ០៨៩ ៤៨៣ ៦២៣ / ០៦៩ ៧២៨ ៩៩៦ ឬទាក់ទងដោយផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ក្នុងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខាងកើតផ្សាសាមគ្គី៧០ម៉ែត្រ៕
