ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីកាតា៖ លោក ណេតាន់យ៉ាហ៊ូ បានសម្លាប់ក្តីសង្ឃឹម សម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែល

ដូហា៖ នាយករដ្ឋមន្ត្រីនៃប្រទេសកាតា បានធ្វើការរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទូរទស្សន៍ CNN កាលពីថ្ងៃពុធ ដោយបានហៅការប៉ុនប៉ងធ្វើឃាតរបស់អ៊ីស្រាអែល លើមេដឹកនាំក្រុមហាម៉ាស់ នៅទីក្រុងដូហាថា “ព្រៃផ្សៃ” និងបានសម្លាប់ក្តីសង្ឃឹម សម្រាប់ចំណាប់ខ្មាំងអ៊ីស្រាអែល។

នាយករដ្ឋមន្ត្រីកាតាលោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani បានប្រាប់លោក Becky Anderson របស់ភ្នាក់ងារសារ័ត៌មាន CNN ថា “យើងកំពុងគិតថា យើងកំពុងដោះស្រាយជាមួយមនុស្សស៊ីវិល័យ នោះជារបៀបដែលយើងកំពុងដោះស្រាយជាមួយអ្នកដទៃ។ ហើយសកម្មភាពដែលលោក ណេតាន់យ៉ាហ៊ូ បានធ្វើ – ខ្ញុំមិនអាចពិពណ៌នាវាបានទេ ប៉ុន្តែវាជាសកម្មភាពព្រៃផ្សៃ។”

លោក Al-Thani បានបន្ថែមថា លោកជឿថា ការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដូហា កាលពីថ្ងៃអង្គារ បានសម្លាប់ក្តីសង្ឃឹមសម្រាប់ចំណាប់ខ្មាំងដែលនៅសេសសល់នៅក្នុងតំបន់ហ្គាហ្សា។ លោក Al-Thani បានលើកឡើងថា “ខ្ញុំបានជួបគ្រួសារចំណាប់ខ្មាំងម្នាក់នៅព្រឹកព្រលឹមនៃការវាយប្រហារ។ “ពួកគេកំពុងពឹងផ្អែកលើការសម្រុះសម្រួលបទឈប់បាញ់ នេះ ពួកគេគ្មានសង្ឃឹមអ្វីផ្សេងទៀតសម្រាប់រឿងនេះទេ”។

នាយករដ្ឋមន្ត្រីរូបនេះ បានលើកឡើងថា “ខ្ញុំគិតថាអ្វីដែលលោក ណេតាន់យ៉ាហ៊ូ បានធ្វើកាលពីម្សិលមិញ គាត់ទើបតែបានសម្លាប់ក្តីសង្ឃឹមសម្រាប់ចំណាប់ខ្មាំងទាំងនោះ”។

លោក Al-Thani បានប្រាប់ CNN ថា ការវាយប្រហារនៅទីក្រុងដូហា គឺមិនតិចជាង “ភេរវកម្មរដ្ឋ” នោះទេ។ នាយករដ្ឋមន្ត្រីរូបនេះបានប្រើពាក្យដដែលនេះកាលពីថ្ងៃអង្គារ នៅពេលដែលលោកឡើងវេទិកាក្នុងសន្និសីទសារព័ត៌មានមួយ ហើយដាក់ទៅប្រទេសអ៊ីស្រាអែលសម្រាប់សកម្មភាពរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top