ព័ត៌មានជាតិ

កម្ពុជា ប្រកាសដាក់ ឱ្យប្រើប្រាស់ផែនការជាតិ NDC 3.0 ក្នុងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ជាមួយសហគមន៍អន្តរជាតិ

ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ។

លោករដ្ឋមន្ដ្រី បានថ្លែថា ផែនការជាតិរួមចំណែកឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC 3.0) ជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងជាការបញ្ជាក់អំពីការបេ្តជ្ញាចិត្ត ដោយឥតងាករេរបស់កម្ពុជា លើឆាកអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តជាតិ ដែលមានស្រាប់ និងដំណើរវិវត្តន៍ឥតឈប់ឈរនៃការប្រែប្រួលអាកាសធាតុសកល ដើម្បីឈានឆ្ពោះទៅ សម្រេចឱ្យបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC។

លោក រដ្ឋមន្រ្តី បន្ដថា កម្ពុជាមានប្តេជ្ញា យ៉ាងមោះមុត ក្នុងការដឹកនាំវិស័យបរិស្ថានប្រទេសកម្ពុជា ឆ្ពោះទៅរកអនាគត ដែលមានការអភិវឌ្ឍប្រកបដោយចីរភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងមានតុល្យភាពបរិស្ថាន។ តាមរយៈគោលនយោបាយ និងកិច្ចផ្តួចផ្តើម យុទ្ធសាស្ត្រជាបន្តបន្ទាប់ របស់កម្ពុជា ក្នុងនោះយុទ្ធសាស្ត្រចក្រា ក្នុងវិស័យបរិស្ថាន សំដៅលើកកម្ពស់កិត្យានុភាព របស់ប្រទេសកម្ពុជា តាមរយៈការតម្រង់ទិស និងការជំរុញការអនុវត្ត សកម្មភាពនានា ដើម្បីធ្វើឱ្យកម្ពុជា មានភាពស្អាត ភាពបៃតង និង ចូលរួមសម្រេចគោលដៅ ដូចមានចែងក្នុង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជា។

ជាមួយគ្នានេះ ការអនុវត្ត NDC 3.0 ជោគជ័យទៅបាន នឹងទាមទារឱ្យមានការចូលរួមពីគ្រប់វិស័យ មិនត្រឹមតែវិស័យរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល និង ដៃគូអន្តរជាតិរបស់យើង ជាអាទិ៍៖ ការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយនៃការ គាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុ ។

លោក អ៊ាង សុផល្លែត បានស្នើឱ្យដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធ បង្កើនការគាំទ្រតាមរយៈហិរញ្ញប្បទានអាកាសធាតុ ការផ្ទេរបច្ចេកវិទ្យា និងការកសាងសមត្ថភាពជាដើម ព្រមទាំងខិតខំប្រឹងប្រែង និងទំនួសខុសត្រូវរួមគ្នា ដើម្បីធានាថាសកម្មភាពអាកាសធាតុរបស់កម្ពុជា ផ្តល់អត្ថប្រយោជន៍ ពិតប្រាកដសម្រាប់ប្រជាជន សេដ្ឋកិច្ច និងបរិស្ថាន៕

To Top