សម្តេចធិបតី៖ ដោយសារវីរៈភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន របស់វីរៈកងទ័ព និងវីរៈនគរបាល ទើបប្រជាជនខ្មែរគ្រប់រូប អាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌបាន

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយសារវីរៈភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន របស់បងប្អូនវីរៈកងទ័ព និងវីរៈនគរបាលគ្រប់រូប ទើបប្រជាជនខ្មែរយើងគ្រប់រូប អាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះបាន ។
ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេស ផ្ញើជូនជនរួមជាតិកម្ពុជា “ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ” នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥នេះ ដោយក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការចូលរួម ជាមួយជនរួមជាតិទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ក្នុងការប្រារព្ធនូវពិធីបុណ្យប្រពៃណីជាតិនេះ ប្រកបដោយសិរីសួស្តី និងជ័យមង្គល ។
សម្តេចធិបតី បានថ្លែងគូសបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធជាងរៀងរាល់ឆ្នាំ តាំងពីបុរាណកាលមក សម្រាប់ប្រជាពលរដ្ឋខ្មែរ ធ្វើបុណ្យសាងកុសល ដើម្បីឧទ្ទិសជូនបុការីជន និងអ្នកមានគុណ ព្រមទាំងជាឱកាសដ៏ថ្លៃថ្លាជួបជុំគ្រួសារ និងបងប្អូនញាតិមិត្តជិតឆ្ងាយ ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ ដែលនៅប្រចាំការ បម្រើការពារសុខសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងអំឡុងនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។
ក្នុងនោះសម្តេចធិបតី ក៏បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនវីរៈកងទ័ព និងវីរៈនគរបាល ដែលបានឃ្លាតឆាកឆ្ងាយពីក្រុមគ្រួសារ និងស្រុកកំណើត ដើម្បីបម្រើនិងការពារជាតិមាតុភូមិ នៅតាមខ្សែត្រៀមជួរមុខទាំងអស់ ដោយសារវីរៈភាពដ៏មានតម្លៃ មិនអាចកាត់ថ្លៃបាន របស់បងប្អូនវីរៈកងទ័ព និងវីរៈនគរបាលគ្រប់រូប ទើបប្រជាជនខ្មែរយើងគ្រប់រូប អាចប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនេះបាន ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មិនដែលភ្លេចឡើយ នូវយោធិនទាំង១៨នាក់ ដែលបច្ចុប្បន្ន កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភាគីថៃ រាជរដ្ឋាភិបាល កំពុងអនុវត្តគ្រប់មធ្យោបាយ ដើម្បីព្យាយាមជួយឱ្យពួកគាត់ ធ្វើមាតុភូមិនិវត្តន៍ និងជួបជុំគ្រួសារឱ្យបានឆាប់រហ័សជាទីបំផុត និងប្រកបដោយសុវត្ថិភាព ។
បន្ថែមលើនេះ សម្តេចធិបតី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះស្មារតីស្រលាញ់ជាតិមាតុភូមិ និងសាមគ្គីភាពខ្ពស់របស់បងប្អូនជនរួមជាតិគ្រប់រូប ដែលបានរួមចំណែកទាំងកម្លាំងកាយចិត្ត និងការលះបង់សម្ភារៈ ថវិកា និងពេលវេលា នៅក្នុងសកម្មភាព នៃការពារជាតិមាតុភូមិ និងការដោះស្រាយជីវភាពរស់នៅរបស់បងប្អូនភៀសសឹក នៅតាមព្រំដែន ។
នៅក្នុងកាលទេសៈ ដែលសភាពការណ៍នៅព្រំដែន មានការវិវត្តប្រែប្រែលឆាប់រហ័សនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ បន្តចូលរួមកម្លាំងសាមគ្គីជាតិជាថ្លុងមួយ ដើម្បីពុះពារបម្រើ និងការពារជាតិមាតុភូមិ ប្រកបដោយភាពមោះមុត និងភក្តីភាពបំផុត នៅក្រោមម្លប់ដ៏សែនត្រជាក់របស់អង្គព្រះមហាក្សត្រ ។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអះអាងដែលថា រាជរដ្ឋាភិបាល បាននិងកំពុងស្វែងរកដំណោះស្រាយបញ្ហា តាមរយៈការប្រើប្រាស់មធ្យោបាយ ដោយសន្តិវិធី យន្តការការទូត និងច្បាប់អន្តរជាតិ ។
ជាងនេះទៅទៀត សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា បទពិសោធន៍នៃសង្គ្រាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយ ដោយផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី មិត្តភាព និងការយោគយល់គ្នាប៉ុណ្ណោះ ទើបសង្គ្រាមអាចបញ្ចប់បាន ព្រមទាំងបញ្ជៀសការបាត់បង់អាយុជីវិត ការឈឺចាប់ និងការរងទុក្ខសោក របស់បងប្អូនប្រជាពលរដ្ឋ និងអាចឱ្យបងប្អូនជនភៀសសឹកទាំងអស់ ឆាប់ត្រឡប់ទៅគេហដ្ឋាន និងប្រកបរបរចិញ្ចឹមជីវិតរៀងៗខ្លួន ។
សម្តេចធិបតី ក៏បន្តស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាល នៅក្នុងការការពារឧត្តមប្រយោជន៍ជាតិ និងប្រជាជន ក៏ដូចជាការដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកមាគ៌ានៃការអភិវឌ្ឍ និងវិបុលភាពផងដែរ៕
ដោយ៖ ដារាត់| ដើមអម្ពិល
