កម្ពុជា ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុ

ភ្នំពេញ ៖ ពង្រឹងការបញ្ជ្រាបយេនឌ័រ និងសកម្មភាពឆ្លើយតបនឹងអាកាសធាតុនៅកម្ពុជា គឺជាប្រធានបទសិក្ខាសាលាស្តីពីការអនុវត្តវិធានការបញ្ជ្រាបយេនឌ័រតាមវិស័យ និងសូចនាករសមិទ្ធកម្មគន្លឹះក្នុងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជាដំណាក់កាលទី៣ (NDC-3.0) ដែលប្រព្រឹត្តិទៅ នៅរាជធានីភ្នំពេញ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោក Anthony Gill ប្រធានផ្នែកប្រតិបត្តិប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣(NDC 3.0) បានដាក់ជូនអង្គការសហប្រជាជាតិ រួចហើយដើម្បីបង្ហាញតម្រូវការនិងទំហំសកម្មភាពការងាររបស់កម្ពុជា ដែលបានកំពុងអនុវត្ត យ៉ាងសកម្ម ដើម្បីបង្ហាញមហិច្ឆតាកាត់បន្ថយនូវការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីកសាងភាពធន់ និងឆ្ពោះទៅប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

លោក បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវមហិច្ឆិតាទាំងនេះ មធ្យោបាយនៃការអនុវត្តគឺចាំបាច់ត្រូវបង្ហាញ និងអនុវត្តនូវសកម្មភាពមួយចំនួន រាប់ចាប់ពីការកសាងសមត្ថភាព និងអភិបាលកិច្ចល្អ រហូតដល់ការផ្ទេរបច្ចេកវិទ្យា និងពង្រឹងហិរញ្ញប្បទានអាកាសធាតុ។ លោករដ្ឋមន្រ្តី បានបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសងាយរងគ្រោះ នឹងរងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលផលប៉ះពាល់ទាំងនោះ បានកើតមានលើស្រ្តី ក្មេងស្រី និងសហគមន៍។

ផែនការជាតិ NDC 3.0 បានកំណត់យ៉ាងច្បាស់ពីសកម្មភាព និងសូចនាករ តាមរយៈការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រហូតដល់ ៥៥% នៅឆ្នាំ២០៣៥ និង បានកំណត់យកសកម្មភាពអាទិភាព នៅក្នុងវិស័យចម្បងៗចំនួន ៦ រួមមាន វិស័យឧស្សាហកម្ម វិស័យថាមពល វិស័យកសិកម្ម វិស័យព្រៃឈើ វិស័យគីមី និងវិស័យសំណល់ សំរាម ហើយនៅក្នុងវិស័យទាំងនោះ ក៏បានដាក់រួមបញ្ចូលបរិបទយេនឌ័រ (Gender) និងការចូលរួមពីក្រសួងកិច្ចការនារី ដើម្បីដោះស្រាយបញ្ហារួមគ្នាផងដែរ៕


