UN កោតសរសើរកម្ពុជា ក្នុងការចូលរួមចំណែកជាមួយសហគមន៍អន្តរជាតិដោះស្រាយបញ្ហាបរិស្ថានសកល

ភ្នំពេញ ៖ កម្មវិធីបរិស្ថានសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ជាពិសេសការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន។

លិខិតកម្មវិធីរបស់ អង្គការសហប្រជាជាតិ UN ចេញផ្សាយពេលថ្មីៗ បានថ្លែងកោតសរសើរចំពោះប្រតិភូកម្ពុជា បានចូលរួមយ៉ាងសកម្ម និងចែករំលែកបទពិសោធន៍ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ជាមួយបណ្តាប្រទេសនានា ក្នុងតំបន់និងពិភពលោក ក្នុងវេទិការដ្ឋមន្រ្តីបរិស្ថាន និងអាជ្ញាធរជាន់ខ្ពស់ ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ នៅទីក្រុងណាឌី ប្រទែសហ្វីជី ចាប់ពីថ្ងៃទី២៦-២៩ ខែសីហា ឆ្នាំ២០២៥។

ជាមួយគ្នានេះ អង្គការសហប្រជាជាតិ និងបន្តធ្វើកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រទេសកម្ពុជាដើម្បីការអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ប្រជាជាតិនៅក្នុងពិភពលោក និងបានអញ្ជើញកម្ពុជាចូលរួមមហាសន្និបាតស្តីពីបរិស្ថាន របស់អង្គការសហប្រជាជាតិលើកទី៧ ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី៨-១២ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។

សូមបញ្ជាក់ថា ដោយមានការចាត់តាំងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំក្រសួងបរិស្ថាន ដឹកនាំដោយលោក វ៉ាន់ មុនីនាថ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមវេទិកាថ្នាក់រដ្ឋមន្ត្រី និងអាជ្ញាធរជាន់ខ្ពស់ទទួលបន្ទុកបរិស្ថាននៃប្រទេសអាស៊ីប៉ាស៊ីហ្វិក លើកទី៦ ដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំ បណ្តារដ្ឋសមាជិកប្រទេសតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ៤១ប្រទេស អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល សរុបចំនួនជាង៣០០ នាក់។
គោលបំណងសំខាន់នៃវេទិកា គឺពិភាក្សាលើវឌ្ឍនភាពក្នុងតំបន់ នៃការអនុវត្តសេចក្តីសម្រេចនានា យុទ្ធសាស្រ្តរយៈពេលមធ្យមសម្រាប់ឆ្នាំ២០២៦-២០២៩ និងផែនការឆ្នាំ២០២៦-២០២៧ របស់កម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) សេចក្តីព្រាងសេចក្តីថ្លែងការណ៍រដ្ឋមន្រ្តី សម្រាប់ដាក់ជូនមហាសន្និបាតបរិស្ថាន អង្គការសហប្រជាជាតិលើកទី៧ (UNEA-7) ព្រមទាំងកិច្ចសហប្រតិបត្តិការបរិស្ថានពហុភាគី ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវៈចម្រុះ ការសឹករេចរឹលដី និងការបំពុល៕
