ព័ត៌មានជាតិ

រដ្ឋមន្ដ្រីអប់រំ ស្នើ ឪពុក ម្តាយ និងអ្នកអាណាព្យាបាល ជួយអប់រំកូនចៅ ឱ្យចេះគោរព និងដឹងគុណគ្រូ

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ ឪពុក-ម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ជួយអប់រំកូនចៅរបស់ខ្លួន ឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ ដោយសារពួកគាត់ បានបង្ហាត់បង្រៀន ឱ្យកូនចៅ របស់យើងឱ្យមានចំណេះដឹង។

ការស្នើរបស់ លោក រដ្ឋមន្ដ្រីអប់រំ នាឱកាសអញ្ជើញ ជាអធិបតីជួបសំណេះសំណាល ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៥ ក្រោមប្រធានបទ «គ្រូបង្រៀន ជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត» នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

ដើម្បីឱ្យទិវាគ្រូបង្រៀនកាន់តែត្រូវបានចាត់ទុកជា ទិវាដ៏មានសារៈសំខាន់ លោក ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានស្នើដល់សិស្សានុសិស្ស និស្សិត និងយុវជន ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប គប្បី ប្រកាន់ខ្ជាប់នូវកតញ្ញូតាធម៌ តាមរយៈការតបស្នងសងគុណ ដោយប្រការផ្សេងៗ គ្រប់ពេលវេលា និងគ្រប់មធ្យោបាយ ដែលជាប្រពៃណី ដ៏ល្អផូរផង់របស់ជាតិ ហើយសូមឧទ្ទិសឱ្យ ទិវាគ្រូ បង្រៀន ៥ តុលា នេះ ក្លាយទៅជាទិវាដឹងគុណគ្រូ ដែលស្ថិតនៅជាអមតៈក្នុងបេះដូងរបស់ សិស្សានុសិស្ស និស្សិត យុវជន និងប្រជាពលរដ្ឋគ្រប់វ័យ គ្រប់ជំនាន់ និងគ្រប់សម័យកាល តរៀងទៅ។

លោក ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «ខ្ញុំសូមស្នើដល់លោកឪពុក អ្នកម្តាយ និងអ្នកអាណាព្យាបាលទាំងអស់នៅ ទូទាំងប្រទេស សូមចូលរួមចំណែកឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយអប់រំកូនចៅ ឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ និង ចេះដឹងគុណគ្រូ ដោយសារពួកគាត់ បានបង្ហាត់បង្រៀន ឱ្យកូនចៅ របស់យើង ឱ្យមានចំណេះដឹង ជំនាញ សមត្ថភាព ទេពកោសល្យដឹងខុស ដឹងត្រូវ ស្គាល់ល្អ ស្គាល់អាក្រក់ យល់ការណ៍រាក់ជ្រៅ និងកសាងអនាគតបានភ្លឺស្វាង និងរុងរឿង»។

ទន្ទឹមនឹងនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះ បង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្ស ឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និង កាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យ សម្បូររុងរឿង៕

To Top