តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំUN ៖ ការតស៊ូប្រចាំថ្ងៃ របស់កម្ពុជា ដើម្បីការពារ សហគមន៍តាមព្រំដែន

ភ្នំពេញ ៖ ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សកម្មភាពតស៊ូរាល់ថ្ងៃ របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីការពារសហគមន៍ តាមបណ្តោយព្រំដែន ក្រោយពីភាគីថៃ បានបង្កជម្លោះជាមួយកម្ពុជា អស់រយៈពេលជិត៣ខែកន្លងមកនេះ ។
ការលើកឡើងរបស់ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើឡើងក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥។
ក្នុងសម័យប្រជុំនេះ ក្នុងនាមកម្ពុជាលោកបានថ្លែងអំណរគុណ និងកោតសរសើរចំពោះការអំពាវនាវ របស់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិ មនុស្សអង្គការសហប្រជា ជាតិ (OHCHR) ក្នុងការស្នើឱ្យរក្សា បទឈប់បាញ់ នៅតាមព្រំដែនរវាងកម្ពុជា-ថៃ ខណៈបទឈ់បាញ់នេះបាន ចូលជាធរមានកាលពីរាត្រីថ្ងៃទី២៨ ខែកក្កដា កន្លងមក។
លោកបន្តថា សម្រាប់កម្ពុជាសន្តិភាពមិនមែនជា គំនិតអរូបីទេ ប៉ុន្តែការតស៊ូប្រចាំថ្ងៃ ដើម្បីការពារសហគមន៍ តាមព្រំដែនពីការផ្លាស់ទី លំនៅដោយបង្ខំ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការគំរាមកំហែងនៃការបណ្តេញចេញ។
លោកអ៊ិន តារា សង្កត់ធ្ងន់ថា ការបំពាន សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌បែបនេះ កំពុងបង្កគ្រោះថ្នាក់ដល់ការ ផ្សះផ្សាជាតិរវាងប្រទេសទាំងពីរ ។ ដូច្នេះ ការគោរពបទឈប់បាញ់ គឺជាការការពារលក្ខខណ្ឌដំបូង នៃសេចក្តីថ្លៃថ្នូររបស់មនុស្ស ព្រោះសិទ្ធិមនុស្សមិនអាចមានបានទេ បើសន្តិភាពត្រូវបានបំផ្លាញ៕
