ព័ត៌មានជាតិ

សម្តេចតេជោ ប្រាប់ពលរដ្ឋខ្មែរនៅព្រំដែន ត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ

ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។

ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺសុទ្ធតែបង្ហាញនូវអំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ សម្តេចតេជោបន្តថា កន្លងមកនេះពលរដ្ឋមួយចំនួនបាន បានស្នើសុំមកសម្តេចដើម្បីធ្វើការតបតតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយបាញ់យករង្វាន់ដូចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ ប៉ុន្តែសម្តេចបានប្រាប់ទៅវិញថា បើយល់ថា គេធ្វើបែបនេះជាការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអ្វី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និងអន់ជាងសត្វទៅទៀត។

ជាមួយគ្នានេះបានពន្យល់បន្ថែមថា ពួកគេធ្វើបែបនេះក្នុងគោលដៅធ្វើឲ្យសម្តេចបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឲ្យកងទ័ពនិងប្រជាជនកម្ពុជាមួយចំនួនតបតតាមរបៀបបង្កអរិយភាព។ ដូច្នេះសម្តេចតេជោបានអំពាវនាវជនរួមជាតិកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។
សម្តេចប្រធានព្រឹទ្ធសភាសង្កត់ធ្ងន់ថា ទោះជាប្រទេសកម្ពុជាតូច ប្រជាជនមានចំនួនតិច សេដ្ឋកិច្ចទន់ខ្សោយ តែកុំខ្សោយខាងសីលធម៌។ ត្រូវតែបន្តជាជាតិសាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់ ។ ប្រសិនបើឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ កុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរតទៅទៀតដើម្បីពង្រឹង ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិ។

សម្តេចតេជោបានផ្តាំទៀតថា កុំធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា។ សម្តេចតេជោនៅតែជឿថា ប្រជាជនថៃភាគច្រើនមិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជានោះទេ។ មនុស្សមួយចំនួននៅថៃ រាប់ទាំងអ្នកដឹកនាំថៃខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាកក្រោយពីថៃបិទព្រំដែនដោយខ្វះទំនិញប្រើប្រាស់។

តែសម្តេចតេជោថ្លែងវាយបកថា សម្តេចគួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែលវាយក្បាលគេត្រូវក្បាលខ្លួនឯង ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយបង្វែលុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យទំនិញផលិតក្នុងស្រុកមានទីផ្សារដែលជាឱកាសពង្រឹងសេដ្ឋកិច្ចកម្ពុជា។
សម្តេចតេជោបន្ថែមថា កម្បុជាមិនដែលបានទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារកម្ពុជាទេ គឺយកលុយទៅទិញ ។ ដូច្នេះអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ កម្ពុជាដឹងថា ពួកអ្នកជាអ្នកមានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា កម្ពុជាក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យប្រជាជនថៃមានទីផ្សាររកប្រាក់ចំណូល។ ហេតុនេះប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ដែលនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

ចុងក្រោយសម្តេចតេជោចង់ជំរាបទៅពលរដ្ឋខ្មែរនៅជិតព្រំដែនថៃ ត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខពលរដ្ឋនឹងរងការខាតបង់ធ្ងន់ធ្ងរ និងអាចក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺជួយពង្រឹងនូវរូបិយវត្ថុរបស់ជាតិ៕

To Top