សហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួយយោធា ដល់ទៅជិត២២ពាន់លានដុល្លារ ឲ្យអ៊ីស្រាអ៊ែល អំឡុងពេលជម្លោះនៅហ្គាហ្សា

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT របាយការណ៍ថ្មី មួយបាននិយាយថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធា ចំនួន ២១,៧ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ក្នុងអំឡុងពេលពីរឆ្នាំ នៃជម្លោះនៅតំបន់ហ្គាហ្សា។
ឯកសារស្រាវជ្រាវដែលធ្វើឡើងដោយគម្រោង Costs of War នៅសាលា Watson School of International and Public Affairs នៃសាកលវិទ្យាល័យ Brown ត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដែលជាខួបលើកទី ២ នៃការលុកលុយថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ចូលទឹកដីអ៊ីស្រាអែល ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន Hamas ដែលក្នុងនោះមនុស្ស ១២០០ នាក់ត្រូវបានសម្លាប់ និង ២៥០ នាក់ផ្សេងទៀត ចាប់ធ្វើជាចំណាប់ខ្មាំង។
យោងតាមអាជ្ញាធរ សុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល និងការវាយលុកដី នៅតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមជាការឆ្លើយតប ទៅនឹងការវាយប្រហារនេះ បានធ្វើឱ្យមនុស្សជាង៦៧០០០ នាក់បានស្លាប់ និងជិត១៧ម៉ឺននាក់ទៀត បានរងរបួស នេះបើយោងតាមអាជ្ញាធរ សុខាភិបាលប៉ាឡេស្ទីន។
កាលពីខែមុន គណៈកម្មការ អង្គការសហប្រជាជាតិ បានពណ៌នាសកម្មភាព របស់ក្រុងយេរូសាឡឹមខាងលិចថា ជាអំពើប្រល័យពូជសាសន៍ ។
របាយការណ៍ដដែលបានបញ្ជាក់ទៀតថា រួមជាមួយនឹងការ បន្ថែមប្រាក់៩,៦៥ ទៅ ១២,០៧ ពាន់លានដុល្លារដែលចំណាយដោយមន្ទីរប៉ង់តាហ្គោន លើប្រតិបត្តិការយោធា ក្នុងការជួយដល់អ៊ីស្រាអែល ក្នុងប្រទេសយេម៉ែន និងកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ការវិនិយោគ សរុបរបស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះហ្គាហ្សាមានចំនួនចន្លោះពី ៣១,៣៥ ទៅ ៣៣,៧៧ពាន់លានដុល្លារ មកទល់នឹងពេលនេះ ៕
ប្រែសម្រួល៖ស៊ុនលី
