ព័ត៌មានជាតិ

បណ្ឌិតយង់ ពៅ ៖ មេដឹកនាំថៃ មិនអាចលុប MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ ជាមួយកម្ពុជាបានទេ

ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងសង្កត់ធ្ងន់ ទៅលោក អានុទីន មេដឹកនាំថៃ នាពេលបច្ចុប្បន្នថា ថៃមិនអាចលុបចោល បាននោះទេ ចំពោះការចុះអនុស្សរណៈ នៃការយោគយល់ចំនួន២ គឺMOU ឆ្នាំ២០០០ រវាងកម្ពុជា-ថៃ ស្ដីពីការវាស់វែង ខណ្ឌសីមាព្រំដែនគោក និង MOU ឆ្នាំ២០០១ ស្ដីពីតំបន់សមុទ្រ ត្រួតស៊ីគ្នាជាមួយកម្ពុជា ។
ការមិនអាចលុបបាននេះ ត្រូវបានលោកអះអាងថា ដោយសារសន្ធិសញ្ញានេះ មានការទទួលស្គាល់ ជាលក្ខណៈអន្តរជាតិ ។

ក្នុងពិធីបិទវេទិកាភ្នំពេញ លើកទី៤ ស្ដីពី «ពហុភាគី និយមទល់ នឹងឯកតោភាគីនិយម ៖ ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយ របស់អាស៊ាន» កាលពីថ្ងៃទី៨ ខែតុលា លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ភាគីថៃ គិតម៉េចគិតទៅ គឺជារឿងរបស់គេទេ ប៉ុន្តែទោះបីជាយ៉ាងណាថៃ មិនអាចជ្រើសរើសវិធានណាផ្សេង ក្រៅតែពីវិធានអន្តរជាតិ ដែលមានស្រាប់នោះទេ ។ ក្នុងនោះសន្ធិសញ្ញាបារាំង-សៀម , ផែនទីអមសន្ធិសញ្ញា បារាំង-សៀម MOU ឆ្នាំ២០០០ និងMOUឆ្នាំ២០០១ ថៃត្រូវតែប្រើជាដាច់ខាត ។

លោកបញ្ជាក់ថា “ថៃមិនអាចលុបបានទេ មួយរយៈនេះ ថៃនិយាយចង់លុប MOU ឆ្នាំ២០០០ អាហ្នឹងគឺជាភាសានយោបាយរបស់លោក អានុទីន ដើម្បីទាញប្រជាប្រិយភាពសម្រាប់ការបោះឆ្នោត ដែលនឹងរំលាយសភាបច្ចុប្បន្ននេះ នៅខែមករា ឆ្នាំ២០២៦ខាងមុខ”។

លោកបន្តថា បើជាសច្ចភាព គ្មានរដ្ឋណាមួយធ្វើដូចប្រទេសថៃ ដែលបានបង្ហាញបំណង ចង់លុប MOU ឆ្នាំ២០០០ និងMOUឆ្នាំ២០០១ ដែលបានទទួលស្គាល់ដោយ កម្ពុជា-ថៃ ពោលគឺមិនអាចលុបសន្ធិសញ្ញាអន្តរជាតិតែឯកឯង បាននោះទេ ទោះបីជាថៃធ្វើប្រជាមតិនិងប្រកាសលុប MOU ឆ្នាំ២០០០ និងMOUឆ្នាំ២០០១ គឺជារឿង របស់គេកុំទៅខ្វល់ខ្វាយជាមួយ ។
លោកសង្កត់ធ្ងន់ថា កម្ពុជា នឹងមិនយល់ព្រមនោះទេ ចំពោះលុបសន្ធិសញ្ញានេះ ។ ដូច្នេះសូមសាធារណជន មានការស្ងប់ចិត្តនិងជឿជាក់ លើប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា ថ្មីៗនេះ វិទ្យាស្ថានរដ្ឋបាលអភិវឌ្ឍន៍ជាតិ(Nida) បានបង្ហាញលទ្ធផល ពីការស្ទង់មតិមួយគឺថា ៤៤,១% នៃប្រជាជនថៃ មិនបានយល់ដឹងអំពីមុខងារ នៃអនុស្សរណៈនៃការយោគយល់ចំនួន២ ដែលត្រូវបានចុះហត្ថលេខា ជាមួយប្រទេសកម្ពុជាក្នុងឆ្នាំ២០០០ និង ២០០១ ទេ៕

To Top