ព័ត៌មានជាតិ

សម្តេចតេជោ ៖ អ្វីដែលកម្ពុជាចង់បាន គឺរក្សាបទឈប់បាញ់ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានប្រាប់ទៅលោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្រ្តី នៃកុំមិនវែលដូមីនីកថា អ្វីដែលកម្ពុជាចង់បំផុតនាពេលបច្ចុប្បន្ននេះ គឺរក្សាបទឈប់បាញ់ឲ្យបានល្អបំផុត ក្រោយពីមានកិច្ចព្រមព្រៀងគ្នារវាងថ្នាក់ដឹកនាំកម្ពុជា-ថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥កន្លងមក។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបថា សម្តេចតេជោបានមានប្រសាសន៍លើកឡើងអំពីស្ថានភាពព្រំដែន កម្ពុជា-ថៃ ដោយសម្តេចតេជោបានពន្យល់អំពីរឿងរ៉ាវដែលបានកើតឡើងនាពេលកន្លងទៅនេះ ។

លោកបន្តថា “សម្ដេចតេជោបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីថា អ្វីដែលកម្ពុជាចង់បាន គឺការរក្សានូវបទឈប់បាញ់មួយ ដោយមានប្រសិទ្ធភាព និងការបញ្ចប់នូវវិបត្តិដើម្បីឈានទៅរកដំណោះស្រាយ និងទៅរកប្រក្រតីភាពឡើងវិញ ដូចប្រទេសទាំងពីរធ្លាប់មានពីមុនមក” ។

ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃនេះដែរ នាយករដ្ឋមន្រ្តី នៃកុំមិនវែលដូមីនីកបានបង្ហាញ អំពីការគាំទ្រដោះស្រាយបញ្ហាដោយសន្តិវិធី ហើយសង្ឃឹមថា បញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នឹងអាចដោះស្រាយបានក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីវិលមករកប្រក្រតីភាពឡើងវិញ។

សូមបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានអូសបន្លាយអស់រយៈពេលជាង៣ខែមកហើយ ទោះបីជាមានកិច្ចព្រមព្រៀង បទឈប់បាញ់ បានចូលជាធរមានក៏ដោយ ប៉ុន្តែបទឈប់បាញ់នេះ នៅតែមានភាពផុយស្រួយ៕

To Top