កម្ពុជា សម្រេចបាននូវសមិទ្ធផលថ្មីជាប្រវត្តិសាស្ដ្រ នៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង នៅគ្រប់រាជធានី ខេត្តនៅទូទាំងប្រទេស

កោះកុង៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា បង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF) ។

យោងតាមរបាយការណ៍របស់ លោកស្រី ឈី វ៉ា បានធ្វើរបាយការណ៍ស្វាគមន៍ ដោយជម្រាបជូនអំពីស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ធ្វើឱ្យទំនៀមទម្លាប់នៃការរស់នៅ របស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យ។ ជាក់ស្ដែង ក្នុងខេត្តកោះកុង មានប្រជាពលរដ្ឋសរុបចំនួន ១៥៦ ១០៧នាក់ ស្មើនឹង ៣៦ ៦០៨គ្រួសារ ក្នុងនោះគ្រួសារមានទឹកស្អាតប្រើប្រាស់ចំនួន ៩៦,៨៥% និងគ្រួសារមានបង្គន់អនាម័យប្រើប្រាស់ស្មើនឹង ១០០% ។

ជាមួយគ្នានោះ លោក យី គឹមថាន នាយកស្ដីទីអង្គការភ្លែនអន្ដរជាតិប្រចាំកម្ពុជា បានថ្លែងសុន្ទរកថាអំពីចំណាប់អារម្មណ៍ក្នុងនាមតំណាងអង្គការដៃគូ ដោយបានសម្ដែងការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តកោះកុង ក៏ដូចជាការសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទូទាំងប្រទេសកម្ពុជា ដែលបង្ហាញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្តេជ្ញាចិត្តក្នុងការចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទក្នុងការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេស។

ក្នុងពិធីដ៏អធិកអធមនោះ លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកោះកុងសម្រេចបាននាពេលនេះ លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

លោករដ្ឋមន្រ្ដី បានបញ្ជាក់ជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សេម្តេចធិបតី ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូនានា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បានជំរុញឱ្យខេត្តចំនួន១៩ សម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយជោគជ័យ ហើយជាក់ស្ដែងពិធីប្រកាសខេត្តកោះកុងជាខេត្តទី២៥ សម្រេចបាន ODF នាពេលនេះ។ សមិទ្ធផលនេះ បង្ហាញថាប្រជាជនកម្ពុជាគ្រប់រូប មានការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលទានទឹកស្អាតដើម្បីធ្វើឱ្យមានសុខភាពល្អ ប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ ថែរក្សាបរិស្ថានរស់នៅល្អ ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាហេតុធ្វើឱ្យអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកម្ពុជាកាន់តែវែង ដែលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។

លោករដ្ឋមន្រ្ដី បានមានប្រសាសន៍បន្ថែមទៀតថាក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលជាលទ្ធផលអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៩១.៩៨% ហើយប្តេជ្ញាចិត្តថាត្រូវតែសម្រេច ឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣០ ។ សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ គឺកើតចេញពីរគុណបំណាច់នៃ “សុខសន្តិភាព” ដែលបានមកពីការលះបង់ដ៏ធំធេង និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយកជីវិតធ្វើជាដើមទុនរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បិតាសន្តិភាពកម្ពុជា ស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំប្រកបដោយជោគជ័យនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោមការបន្តវេនដឹកនាំប្រកបដោយថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សមដូចពាក្យថា“មានសន្តិភាព ទើបមានការអភិវឌ្ឍ” ។


នៅទីបញ្ចាប់ លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តចូលរួមយ៉ាងសកម្ម និងសហការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលដៅឈានទៅសម្រេចឱ្យបានផែនការនៃអត្រាគ្របដណ្តប់ទឹក និងអនាម័យ ១០០% នៅទូទាំងប្រទេសនាឆ្នាំ២០៣០៕


