សម្ដេចធិបតី ៖ កិច្ចប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញ និងពង្រឹងឱ្យកាន់តែស៊ីជម្រៅថែមទៀត

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា កិច្ចសហប្រតិបត្តិការ កម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត ។

ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោកបណ្ឌិត Tanaka Akihiko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកបណ្ឌិត Tanaka Akihiko បានគូសបញ្ជាក់អំពីការបន្តគាំទ្ររបស់ទីភ្នាក់ងារ JICA ចំពោះកិច្ចសហប្រតិបត្តិការជាច្រើន មានជាអាទិ៍៖ ការបោសសម្អាតមីន, និងការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះអង្គភាព CMAC របស់កម្ពុជា ដែលបានផ្តល់វគ្គបណ្តុះបណ្តាលបោសសម្អាតមីនមនុស្សធម៌ ដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នរបស់ប្រទេសអ៊ុយក្រែន។

លោកបណ្ឌិត បានថ្លែងបន្ថែម អំពីការផ្តល់ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដើម្បីពង្រីកប្រព័ន្ធផ្គត់ផ្គង់ ទឹកស្អាតនិរោធ និង គម្រោងពង្រីកប្រព័ន្ធបញ្ជូន និង ចែកចាយអគ្គិសនីក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី៣) ដោយគម្រោងទាំងនេះ នឹងត្រូវចុះហត្ថលេខានា រសៀលថ្ងៃនេះ។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់ជប៉ុន ក្នុងការកសាងសុខសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបវរធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា និង ជប៉ុន បានឈានដល់កម្រិតដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជឿជាក់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន នឹងត្រូវបានជំរុញនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

សម្តេចបវរធិបតី បានសម្តែងនូវការគាំទ្រ និង ថ្លែងអំណរគុណ ចំពោះទីភ្នាក់ងារ JICA ដែលបានរួមចំណែកគាំទ្រ ដល់មូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជា ដូចជា ការបោសសម្អាតមីន ការបណ្តុះបណ្តាលធនធានមនុស្ស និង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម។ សម្តេចបវរធិបតី បានចែករំលែកអំពីចក្ខុវិស័យរបស់កម្ពុជា ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា រួមទាំងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្ម និងជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ (regional logistic hub)។

សម្តេចបវរធិបតី និង លោកប្រធាន JICA ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មានវិទ្យា និងឌីជីថលូបនីយកម្ម ក៏ដូចជាការបន្តលើក កម្ពស់ទំនាក់ទំនងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ។ សម្តេចបវរធិបតី បានលើកទឹកចិត្តទីភ្នាក់ងារ JICA បន្តពិភាក្សា និងសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា ដើម្បីជំរុញឱ្យគម្រោងទាំងនោះ ទទួលបានជោគជ័យ៕
