ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យត្រួតពិនិត្យឱ្យកាន់តែតឹងរ៉ឹង លើការផ្តល់ជូនការងារ តាមអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា

បរទេស ៖ ការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាឱ្យត្រួតពិនិត្យកាន់តែតឹងរ៉ឹង លើការផ្តល់ជូនការងារតាមអ៊ីនធឺណិត នៅក្នុងប្រទេសកម្ពុជា និងការសម្របសម្រួលអន្តរជាតិឱ្យកាន់តែជិតស្និទ្ធ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលកំពុងកើនឡើង ដែលផ្តោតលើប្រជាជនកូរ៉េខាងត្បូង នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍។
យោងតាមសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥នេះថា លោក Lee បានចេញសារាចរណែនាំ ដើម្បីការពារប្រជាជនកូរ៉េខាងត្បូង ពីការបញ្ឆោតមកកម្ពុជា ដោយការក្លែងបន្លំផ្តល់ការងារដែលមានប្រាក់ខែខ្ពស់ ដែលនាំឱ្យមានការកើនឡើង នៃចំនួនមនុស្សដែលត្រូវបានឃុំខ្លួន និងធ្វើទារុណកម្មនៅក្នុងមជ្ឈមណ្ឌលបោកប្រាស់ ដែលគ្រប់គ្រងដោយក្រុមឧក្រិដ្ឋកម្មដែលគេបានរៀបចំ។
លោកបានណែនាំដល់ភ្នាក់ងារពាក់ព័ន្ធ ឱ្យលុបចោលការប្រកាសការងារ តាមអ៊ីនធឺណិតជាបន្ទាន់ ដោយប្រើប្រព័ន្ធពិនិត្យគ្រាអាសន្ន របស់គណៈកម្មការស្តង់ដារ ទំនាក់ទំនងកូរ៉េ និងពង្រឹងការត្រួតពិនិត្យមាតិកា អនឡាញពាក់ព័ន្ធនឹងប្រទេសកម្ពុជា ដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់ បន្ថែមទៀតដល់ជនជាតិកូរ៉េ, នេះបើតាមទីប្រឹក្សាសន្តិសុខជាតិលោក Wi Sung-lac បានប្រាប់អ្នកយកព័ត៌មាន។
ប្រែសម្រួលៈ ណៃ តុលា
