BYD ប្រកាសប្រមូលរថយន្តអគ្គិសនី ច្រើនជាងគេបំផុត មិនធ្លាប់មានចំនួន ១១៥.០០០គ្រឿង នៅក្នុងប្រទេសចិន ដោយមានបញ្ហាចំនួនពីរ
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា និងបញ្ហា នៃការតម្លើងថ្ម, នេះបើយោងតាមនិយតករទីផ្សាររបស់ប្រទេសនេះ។
យោងតាមវែបសាយ Techno In Asia ចេញផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នេះគឺជាការប្រមូលមកវិញធំបំផុតរបស់ BYD រហូតមកដល់បច្ចុប្បន្ន។
រថយន្តដែលរងផលប៉ះពាល់រួមមានរថយន្តស៊េរី Tang ចំនួន ៤៤.៥៣៥ គ្រឿងដែលផលិតនៅចន្លោះខែមីនា ឆ្នាំ ២០១៥ដល់ខែកក្កដា ឆ្នាំ ២០១៧ និងរថយន្ត Yuan Pro EV ចំនួន ៧១.២៤៨គ្រឿង ដែលផលិតពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែសីហា ឆ្នាំ ២០២២។
ការប្រមូលមកវិញរថយន្តស៊េរី Tang ដើម្បីដោះស្រាយគុណវិបត្តិនៃការរចនាសមាសធាតុដែលអាចបណ្តាលឱ្យមានមុខងារមិនប្រក្រតី ខណៈពេលដែលការប្រមូលស៊េរី Yuan Pro ទាក់ទងនឹងបញ្ហានៃការដំឡើងថ្ម។
BYD ពីមុនបានប្រមូលរថយន្ត Dolphin និង Yuan Plus EVs ជិត ៩៧.០០០ គ្រឿងក្នុងខែកញ្ញា ឆ្នាំ ២០២៤ ដោយសារបញ្ហាការគ្រប់គ្រងចង្កូត និង Fangchengbao Bao 5 plug-in hybrid SUVs ចំនួន ៦.៨៤៣គ្រឿង ក្នុងខែមករា ឆ្នាំ ២០២៥ ដោយសារហានិភ័យភ្លើងឆេះ៕
ប្រែសម្រួលៈ ណៃ តុលា
